ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ទៅ​តុលារ​ពី​បទ​បោក​លុយ​ជិត​២​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ស៊ីដាច់​ប្រាក់​ជនជាតិ​ជប៉ុន​២៩​នាក់ លើ​សាច់ប្រាក់​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ស៊ីដាច់​ប្រាក់​ជនជាតិ​ជប៉ុន​២៩​នាក់ លើ​សាច់ប្រាក់​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ WOO KEE MUN ហៅ Woo Clemen ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ A24080192 A28365413 ចុះ​ថ្ងៃ​ទី​១៨ ខែ​មីន ឆ្នាំ​២០១១ និង​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លេខ​០១០៨៩០៨១៨ មាន​ទីលំនៅ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនជាតិ​ម៉ា​ឡេ​ស៊ី​ខាងលើ​នេះ គឺជា​ការ​អនុវត្តន៍​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ។ ដើមចម​រឿង​នេះ ត្រូវ​បាន​លោក ណា​ច ទ្រី មេធាវី​តំណាង​ឲ្យ​ដើមបណ្ដឹង បាន​ទម្លាយ​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ឈ្មោះ Woo Keep Mun បាន​លួងលោម​ពាណិជ្ជករ​ជនជាតិ​ជប៉ុន​២៩​នាក់ ឲ្យ​ចូល​មក​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ដាំ​ដំណាំ​ម្រេច និង​ស្វាយ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដោយ​ជនសង្ស័យ​បាន​ដឹក​ម្ចាស់​ទុន​វិនិយោគ​ដើរទៅ​មើល​ចម្ការ​ម្រេច ចម្ការ​ស្វាយ តាម​បណ្ដា​ខេត្ត​ជា​ច្រើន​កន្លែង ថែម​ទាំង​បាន​បង្ហាញ​ផែនការ​វិនិយោគ​លើ​វិស័យ​ដាំ​ដុះ​នេះ យ៉ាង​ស្ទាត់ជំនាញ ធ្វើ​ឲ្យ​ម្ចាស់​ទុន​២៩​នាក់​ជឿ​ទុកចិត្ត ហើយ​ក៏​បាន​កក់​ប្រាក់​បណ្ដាក់ទុន​ចូល​មក​ជា​បន្តបន្ទាប់​រហូត​ដល់​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

មេធាវី​បន្ត​ទៀត​ថា ក្រោយ​ពេល​បាន​ទទួល​ប្រាក់​ហើយ ស្រាប់តែ​មិនឃើញ​ឈ្មោះ Woo Kee Mun ធ្វើ​សកម្មភាព​វិនិយោគ​ដូច​តាម​ផែនការ​ដែល​និយាយ​គ្នា​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ទុន​ទាំង​២៩​នាក់ មានការ​សង្ស័យ​ក៏​ចុះ​ទៅ​ដល់​ចម្ការ​ម្រេច ចម្ការ​ស្វាយ​ដែល ឈ្មោះ Woo Kee Mun ចង្អុលបង្ហាញ​នោះ ស្រាប់តែ​ម្ចាស់​ចម្ការ​ពិត ចេញ​មុខ​មក​បដិសេធ​ទើប​ម្ចាស់​ទុន​វិនិយោគ​ភ្ញាក់ខ្លួន​ដឹង​ថា ចាញ់បោក​ជនសង្ស័យ ទើបបាន​ពឹងពាក់​មេធាវី​ការពារ​ក្តី ដាក់​ពាក្យបណ្តឹង​ប្ដឹង​ជនសង្ស័យ​នោះ នៅ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ ចូល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​ប្រគល់​ជូន​ដំណាង​អយ្យការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ