ប្រទេសអង់គ្លេស-ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ៖ ប្រទេសអង់គ្លេស និងអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃទី៧ មីនា បញ្ជាក់ពីមហិច្ឆតាបង្កើតភាពជាដៃគូនៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដែលអាចមានទឹកប្រាក់ដល់៦៥ពាន់លានផោន (៧២,៨ពាន់លានអឺរ៉ូ) ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។
រដ្ឋាភិបាលអង់គ្លេសយល់ថា ទស្សនវិស័យនេះគឺជាសញ្ញានៃការជឿទុកចិត្តចំពោះសេដ្ឋកិច្ចអង់គ្លេសមុនពេលប្រទេសនេះចាកចេញផុតពីសហភាពអឺរ៉ុប ។ ការប្រកាសនេះធ្វើឡើងក្រោយការជួបពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី THERESA MAY និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ទ្រង់ MO-
HAMED BEN SALMAN ដែលទៅបំពេញទស្សនកិច្ចនៅអង់គ្លេស ។
អ្នកនាំពាក្យម្នាក់របស់នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការជួបពិភាក្សាគ្នានេះនាំទៅដល់ការសន្យាមួយកំណត់ពីការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគមានទឹកប្រាក់រង្វង់៦៥ពាន់លានផោននាប៉ុន្មានឆ្នាំខាងមុខនេះ ក្នុងនោះរួមមានការវិនិយោគដោយផ្ទាល់នៅអង់គ្លេស និងការទិញថ្មីៗរបស់បណ្តាសហគ្រាសរដ្ឋអារ៉ាប៊ី សាអ៊ូឌីត ពីបណ្តាសហគ្រាសអង់គ្លេស ។ បែបនេះបង្ហាញពីភាពរុងរឿងរបស់អង់គ្លេស ហើយបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរឹងមាំរបស់អន្តរជាតិចំពោះសេដ្ឋកិច្ចរបស់យើង ខណៈយើងកំពុងរៀបចំខ្លួនចាកចេញពីសហភាពអឺរ៉ុប ។
មេដឹកនាំទាំង២ក៏សម្តែងផងដែរពីការយល់ស្របគ្នាលើភាពចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីទប់ឥទ្ធិពលក្នុងតំបន់របស់អ៊ីរ៉ង់ ។
អារ៉ាប៊ី សាអ៊ូឌីត និងអ៊ីរ៉ង់កំពុងតែប្រជែងគ្នាដណ្តើមឥទ្ធិពលតាមរយៈសង្គ្រាមតំបន់នៅស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនដែលនៅទីនោះអារ៉ាប៊ី សាអ៊ូឌីត កំពុងតែធ្វើអន្តរាគមន៍ខាងយោធា ក្នុងការតស៊ូប្រឆាំងពួកជីវពលស៊ីអ៊ីតហ៊ូធី សម្ព័ន្ធមិត្តអ៊ីរ៉ង់ ៕
ចែករំលែកព័តមាននេះ