រាជធានីភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងនៅកម្ពុជាមានស្ថានការនយោបាយឡើងកម្ដៅដូចអ្វីដែលគេលើកឡើងនេះទេ គឺមានតែអ្នកធ្វើខុស ត្រូវទទួលទោសតាមច្បាប់ មិនថាអ្នកនយោបាយ ឬជនសមាញ្ញនោះទេ ដែលដូចពាក្យស្លោកខ្មែរ «ក្បាលអ្នកណាសក់អុ្នកនោះ» ។
ការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានព្រួយបារម្ភអំពីការឡើងកម្ដៅនយោបាយនៅកម្ពុជាមួយរយៈពេលនេះ ។
លោក សុខ ឥសាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ថា ក្រោមដំបូលសន្តិភាព ស្ថេរភាពនយោបាយ ប្រជាជនកម្ពុជា បាននឹងកំពុងទទួលបាននូវមនុញ្ញផលនៃការកសាង និងអភិវឌ្ឈន៍ប្រទេសមានការរីកចម្រើនសម្បូររុងរឿង កែប្រែជីវភាពរស់នៅរបស់ប្រជាជនឲ្យប្ររសើរឡើងជាលំដាប់ មិនមែនកម្ដៅនោះទេ ។ ព្រោះប្រជាជនទូទៅសប្បាយរីករាយនឹងទទួលបានពីផ្លែផ្កា នៃការកសាងអភិវឌ្ឈន៍ និងការប្រែប្រួលនៃជីវភាពរស់នៅ ។ ប្រជាជនកម្ពុជា មិនខ្វល់ខ្វាយនឹងអ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវជាប់ពន្ធនាគារ និងឃុំឃាំងនោះទេ ។
លោកបញ្ជាក់ថា «បើអ្នកណាល្មើសច្បាប់ អ្នកនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បានសេចក្តីថា អ្នកណាប្រព្រឹត្ត អ្នកត្រូវជាប់ទោសផ្ទាល់ខ្លួនឯង គ្មានអ្នកដទៃណាមកជាប់ទោសជំនួសទេ ។ នេះហើយដែលហៅថា ក្បាលអ្នកណាសក់អ្នកនោះ តួយ៉ាង អ្នកក្បត់ជាតិ ត្រូវជាប់ទោសតាមបទក្បត់ជាតិ ។ អ្នកជួញដូរគ្រឿងញៀន ត្រូវជាប់ទោសរឿងជួញដូរគ្រឿងញៀន ។ អ្នកប្លន់គេ ត្រូវជាប់ទោសពីបទប្លន់ ។ អ្នកលួច ត្រូវជាប់ទោសពីបទលួច ។ អ្នកប្រព្រឹត្តពុករលួយ ត្រូវជាប់ទោសពីបទពុករលួយ ។ អ្នករត់ពន្ធ ត្រូវជាប់ទោសពីបទរត់ពន្ធ ។ ល ។
លោកបានបញ្ជាក់បន្ថែមថា «ដូច្នេះ ដើម្បីឲ្យរួចផុតពីការជាប់ទោសទាមទារ កុំប្រព្រឹត្តល្មើសច្បាប់ កុំក្បត់ជាតិ កុំរត់ពន្ធគ្រឿងញៀន កុំជក់គ្រឿងញៀន កុំលួច ឆក់ ប្លន់ កុំរត់ពន្ធ កុំប្រព្រឹត្តអំពើពុករលួយ ។ ល ។ បញ្ហាសំខាន់ដើម្បីចៀសផុតពីទទួលទោសទណ្ឌផ្សេងៗ ត្រូវតែភ្ញាក់រឭក និងត្រូវជួយអប់រំគ្នា រំឭកដាស់តឿនគ្នា កុំឲ្យមានការថ្លោះធ្លោយ កុំឲ្យធ្លាក់ទៅក្នុងអំពើខុសច្បាប់ដែលទាំងនេះគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការកសាងសង្គមកម្ពុជាយើងទៅជាអារ្យប្រទេសដូចបណ្ដាប្រទេសជឿនលឿននៅលើពិភពលោក ។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសេចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភអំពីការឡើងកម្ដៅនយោបាយនៅប្រទេសកម្ពុជា ដែលកាន់តែអាក្រក់ទៅៗ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។
ថ្លែងការណ៍ដដែលបានបន្តថា ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយយើងអំពាវនាវឲ្យរាជរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃផ្សេងទៀត ឲ្យមានសេរីភាពឡើងវិញ ។ ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានសូមអំពាវនាវដល់រាជរដ្ឋាភិបាលបង្កបរិយាកាសអំណាយផល នឹងបើកសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន ដើម្បីបំពេញតួនាទី យក និងផ្តល់ ព័ត៌មានជូនដល់សាធារណៈជនដោយមិនមែនភាពភ័យខ្លាច និងរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ជាពិសេសត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិឲ្យបានពេញលេញ ៕
ចែករំលែកព័តមាននេះ