រាជធានីភ្នំពេញ ៖ ប្អូនប្រុសសពលោក កែម ឡី បានប្រកាសជំហរនៅតែបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅពេលខាងមុខនោះ ទោះបីជាក្រសួងមហាមិនឲ្យប្រើឈ្មោះបុគ្គល ។
លោក កែម រិទ្ធីសិត ប្អូនប្រុសលោក កែម ឡី និងលោក គុជ លី តំណាងស្ថាបនិក នៃគណបក្ស កែម ឡី បានឲ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុវីអូអេរ កាលពីពេលថ្មីៗកន្លងមកថា លោកនឹងខិតខំធ្វើយ៉ាងណាក្តីបង្កើតគណបក្ស កែម ឡី ដោយប្រមូលស្នាមមេដាយតម្កល់ក្រសួងមហាផ្ទៃឲ្យបានមុខការបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រ ។
ចំណែកលោក គុជ លីតំណាង ស្ថាបនិកបានបញ្ជាក់ថា ការដែលលោក និងលោក កែម រិទ្ធីសិត បង្កើតគណបក្សនេះឡើយ ដើម្បីរក្សាកេរ្តិ៍ឈ្មោះលោក កែម ឡី កុំឲ្យក្រុមជ្រួលនិយមមួយចំនួនយកឈ្មោះ កែម ឡី ទៅប្រើប្រាស់ធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមលោក ។ លោកបន្តថា លោក និងលោក កែម រិទ្ធីសិត បានដាក់ឯកសារ រួមមានស្នាមមេដៃចំនួន៨០រូប និងសមាជិកស្ថាបនិក៧រូប តាមអ្វីដែលក្រសួងមហាផ្ទៃបានកំណត់រួចហើយ ។
ទោះបីជាដឹកថា ក្រសួងមហាផ្ទៃមិនអនុញ្ញាតយ៉ាងណាក្តី លោក គុជ លី និងលោក កែម រិទ្ធីសិត បានបញ្ជាក់ថា «ខ្ញុំបានអានខ្លឹមសារច្បាប់រួចហើយ គេមិនអនុញ្ញាតឲ្យមានរូបសញ្ញា រូបវ័ន្តបុគ្គល ។ យើងបានដឹងជាមុនហើយ ប៉ុន្តែយើងត្រូវតែដាក់ ដើម្បីជំនះចិត្ត ព្រោះថាយើងបានពិភាក្សាគ្នារួចហើយថា ត្រូវតែដាក់ក្នុងការបន្តបេសកម្មដ៏ប្រវត្តិសាស្ត្រទៅថ្ងៃមុខបន្តទៀត កុំឲ្យអ្នកជនមួយចំនួនដែលអ្នកកែមឡីនិយម ដែលខ្ញុំបានបែងចែកជាពីរ គឺអ្នកគោរពស្រលាញ់ លោកបណ្ឌិត និងមានក្រុមមួយទៀតបានតាំងខ្លួនអុ្នកកែមឡីនិយម មានលោក ប៉ាង ងួនទៀង ព្រះសង្ឃ បុត ប៊ុនតិញ និងភរិយាលោក កែម ឡី បានឃុតឃិតគ្នា បំផ្លាញកិត្តិយស លោកបណ្ឌិត» ។
លោក គុជ លី អតីតថ្នាក់ដឹកនាំមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកបានដឹងថា ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឲ្យបង្កើតគណបក្សដាក់ឈ្មោះ និងរូបសញ្ញាលោក កែម ឡី ទេ ។ ប៉ុន្តែលោកថា ក្នុងរយៈពេល២សប្តាហ៍ នៅពេលក្រសួងផ្តល់ព័ត៌មាន លោកនឹងធ្វើការដូរវិញភ្លាម ។
លោកបន្តថា ការដាក់ឈ្មោះ កែម ឡី នេះ ដើម្បីឲ្យប្រជាជនបានដឹងជាប្រវត្តិសាស្ត្រ ទោះបីជាក្រសួងមហាផ្ទៃមិនអនុញ្ញាតក្តី ។ លោកបញ្ជាក់ថា «យើងនឹងប្តូរភ្លាមនៅពេលក្រសួងប្រាប់ ដោយប្តូរពីគណបក្ស កែម ឡី ទោះបីជាក្រសួងមិនអនុញ្ញាតក៏ក្លាយជាគណបក្ស កែម ឡី ។ យើងឃើញទេ គណបក្សប្រជាជនកម្ពុជាបានធ្វើចលនា និងការវិវត្តន៍ចាប់តាំងពីឆ្នាំ១៩៥១រហូតមក ។ រឿងនេះដូចគ្នា គណបក្ស កែម ឡី នៅតែបក្សលោក កែម ឡី ក្នុងន័យថា គណបក្សថ្មី ដែលកើតឡើយមកពីអតីតគណបក្ស កែម ឡី ដដែល» ។
លោក គុជ លី ក៏បានលើកឡើងថា គម្រោងបង្កើតគណបក្ស កែម ឡី បានចាប់តាំងពីលោក កែម ឡី ត្រូវបានជនដៃដល់បាញ់សម្លាប់មកម្ល៉េះ ។
លោក កែម រិទ្ធីសិត បានលើកឡើងថា គោលបំណងការបង្កើតគណបក្ស កែម ឡី នេះ លោកនឹងលោក កែម ឡី បានធ្វើការសិក្សាជាមួយគ្នាអស់រយៈពេល៥ឆ្នាំ ដោយពេលខ្លះលោក និងបងប្រុសបានធ្វើដំណើរតែពីរនាក់ក៏មាន យើងបានពិភាក្សាគ្នាច្រើន និងត្រៀមឯកសារ ផ្ទុយទៅវិញលោក កែម ឡី បានជនដៃដល់បាញ់សម្លាប់ ។ បើតាមប្អូនប្រុសលោក កែម ឡី បានអះអាងថា លោក កែម ឡី មានបំណងធ្វើនយោបាយយូរមកហើយ ប៉ុន្តែមិនទាន់ដល់ពេលវេលា ។
យ៉ាងណាក្តី ទាក់ទងការបង្កើតគណបក្សថ្មីនេះ ត្រូវបានភរិយាយលោក កែម ឡី អ្នកស្រី ប៊ូ រចនា បដិសេធន៍មិនគាំទ្រនោះទេ ។ អ្នកស្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ថា «នាងខ្ញុំ ប៊ូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី សូមប្រកាសជាសាធារណៈថា នាងខ្ញុំសូមបដិសេធមិនគាំទ្រការបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា គណបក្ស កែម ឡី នោះទេ ពីព្រោះតាំងពីដើមរហូតមក ស្វាមីនាងខ្ញុំមិនដែលមានបំណងបង្កើតគណបក្សម្តងណាឡើយ បំណងរបស់គាត់គឺត្រឹមតែជួយផ្តល់យោបល់គ្រប់គណបក្សនយោបាយ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ហើយនឹងដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាតែប៉ុណ្ណោះ អាស្រ័យហេតុនេះ សូមបងប្អូនជនរួមឈាមខ្មែរនៅក្នុងប្រទេសកម្ពុជា និងនៅឯនាយសមុទ្រទាំងអស់មេត្តាយល់ពីបំណងរបស់ស្វាមីនាងខ្ញុំ ដោយក្តីអនុគ្រោះផង» ។
ចំណែក លោក កែម រិទ្ធីសិត ក៏បានលើកឡើងថា លោក កែម ឡី មានកិច្ចការពីរផ្នែក គឺរឿងកិច្ចការប្រាប់ប្រពន្ធផ្សេង កិច្ចការរឿងធំផ្សេង ។ ទោះបីជាមានគំនិតខ្វែងគ្នារវាងប្អូនប្រុស និងភរិយាយយ៉ាងណាក្តី លោក គុជ លី បានអះអាងថា ការបង្កើតគណបក្សនយោបាយថ្មីនេះ មានទស្សនៈវែងឆ្ងាយ ។
សូមជម្រាបក្រសួងមហាផ្ទៃ មិនបានហាមឃាត់ ក្នុងការបង្កើតគណបក្សនយោបាយនោះទេ ។ ប៉ុន្តែក្រសួងមិនអនុញ្ញាតឲ្យប្រើប្រាស់បង្កើតគណបក្សឈ្មោះ កែម ឡី ព្រោះឈ្មោះគណបក្សនេះ មិនត្រឹមត្រូវបានច្បាប់ថ្មីស្តីពីគណបក្សនយោបាយ តាមមាត្រាទី១១ ។ ឈ្មោះរូបវ័ន្តបុគ្គល និងរូបភាពរូបវ័ន្តបុគ្គល ត្រូវបានច្បាប់ហាមឃាត់មិនឲ្យយកមកប្រើប្រាស់ ។
បើយោងតាម មាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គ្រប់គណបក្សនយោបាយ ត្រូវមានឈ្មោះ និងសញ្ញាសម្គាល់តាមការកំណត់ដូចខាងក្រោម ១.ឈ្មោះជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយ ត្រូវតែខុសគ្នាពីឈ្មោះ ជាអក្សរពេញ ឬអក្សរកាត់ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនានា ។
២.ឈ្មោះគណបក្សនយោបាយ មិនត្រូវធ្វើឡើងដោយគ្រាន់តែកែសម្រួលបន្តិចបន្តួចនៅលើឈ្មោះគណបក្សនយោបាយនានា ឬយកឈ្មោះរូបវ័ន្តបុគ្គលមកដាក់ឡើយ ។
៣.សញ្ញាសម្គាល់របស់គណបក្សនយោបាយ មិនត្រូវចម្លង ឬយកតាមសញ្ញាជាតិ រូបភាព តំណាងឲ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ ៕
ចែករំលែកព័តមាននេះ