បុគ្គលិកនៅអាកាសយានដ្ឋាន«Kansai»ក្រុងអូសាកា ប្រទេសជប៉ុនបញ្ជាក់ថា ក្នុងមួយថ្ងៃមានភ្ញៀវទេសចរបោះបង់ចោលវ៉ាលីសធ្វើដំណើររបស់ខ្លួននៅអាកាសយានដ្ឋានជាធម្យមចំនួន២ ។ វ៉ាលិសដែលបោះចោលនៅទីនោះបង្កបញ្ហាដល់អាកាសយានដ្ឋានចំពោះការរក្សាទុក ។
នៅប្រទេសជប៉ុនការបោះចោលសម្ភារធុនធំ ឬច្រើនត្រូវបង់ថ្លៃ ហើយអ្នកទេសចរភាគច្រើនក៏មិនអាចបោះចោលវ៉ាលីសនៅសណ្ឋាគារ ទើបសម្រេចបោះចោលនៅអាកាសយានដ្ឋានក្នុងមួយខែអាកាសយានដ្ឋាន«Kansai»បានប្រមូលវ៉ាលីសធ្វើដំណើរជាង៥០ ហើយវ៉ាលីសទាំងអស់ជារបស់ទទេ ឬខូច ។
សម្រាប់ករណីដែលមានសម្ភារនៅក្នុងវ៉ាលីស ឬវ៉ាលីសដែលភ្លេចនៅអាកាសយានដ្ឋាននឹងរក្សាទុក១សប្តាហ៍ ក្រោយមកបញ្ជូនទៅប៉ូលិសប្រចាំការនៅអាកាសយានដ្ឋាន«Kansai» ។ នៅក្នុងឆ្នាំ២០១៧មានវ៉ាលីសធ្វើដំណើរត្រូវបានប្រមូលទុកដល់ទៅ២៥៨ដោយកើនលើសពីឆ្នាំ២០១៣ដល់ទៅ២ដង ហើយគ្មានម្ចាស់ទៅទទួលវិញទេ ។
ប៉ូលិសប្រចាំការនៅអាកាសយានដ្ឋាន«Kansai»បញ្ជាក់ថាបច្ចុប្បន្នទីកន្លែងសម្រាប់រក្សាទុកគ្មាននៅសេសសល់ទេ តាមច្បាប់របស់ជប៉ុន របស់របរដែលបាត់ត្រូវរក្សាទុកប្រហែលពី៣ទៅ៥ខែ ក្រោយមកចាត់ទុកថាជាសម្បត្តិរបស់រដ្ឋត្រូវប្រមែប្រមូលទុក ប្រសិនបើជាវត្ថុមានតម្លៃត្រូវដាក់ដេញថ្លៃក្នុងមួយឆ្នាំ៤លើក ។ បញ្ហានោះឆ្លុះបញ្ចាំងឱ្យឃើញថា អាកាសយានដ្ឋាន«Kansai»កំពុងជួបបញ្ហារឿងភ្ញៀវបោះបង់ចោលវ៉ាលីសក្នុងមួយខែជាង៥០ធ្វើឱ្យអាជ្ញាធរគ្មានកន្លែងសម្រាប់រក្សាទុក ៕
ចែករំលែកព័តមាននេះ