រាជធានីភ្នំពេញ ៖ រថយន្តពណ៌សបានបុករថយន្តមួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរថយន្តទី២ ជ្រុលទៅបុកទ្វារហាងលក់សម្លៀកបំពាក់យីហោ អេះអិន ហ្វាស់សិនស៊ប់ បណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានព្យាយាមបើករត់គេច ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ១៥៦កែង និងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌសែនសុខ ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រី និងបុរសវ័យក្មេងម្នាក់បើកបររថយន្តមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២S-៧៩៨៩ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតក៏បានបើកឆ្លងកាត់ផ្លូវ១៥៦ ខណៈពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AE-៣៤២០ បើកបរតាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំកង់ខាងក្រោយ ពេញទំហឹង បណ្តាលឲ្យរថយន្តរងគ្រោះរ៉េចង្កូតទៅខាងស្តាំ ទៅបុកទ្វារហាងលក់សម្លៀកបំពាក់មួយនៅតាមបណ្តោយផ្លូវ២៥៧ បណ្តាលឲ្យទ្វារហាងក្រពឹតបន្តិចបន្តួច ចំណែកឯរថយន្តរងគ្រោះរងការខូចខាត ក្រពឹតផ្នែកខាងមុខ និងដាច់កាឡេកង់ខាងក្រោយចំហៀងខាងស្តាំ ។
ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ហើយបានបន្សល់ទុកតែស្លាកលេខជ្រុះនៅកន្លែងកើតហេតុ ក៏បានព្យាយាមបើករត់គេចរហូតទៅដល់ចំណុចជាប់របងមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានជិះល្បាតឃើញហើយក៏ធ្វើការស្ទាក់ឃាត់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការស្ទូចយករថយន្តនិងស្លាកលេខរថយន្តបង្កទៅរក្សាទុកនៅអធិការរដ្ឋនគរបាលខណ្ឌទួលគោក ដើម្បីស្វែងរក និងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ