រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានអ្នកដំណើរដែលមានការឈឺឆ្អាលបើករថយន្តដេញបុក ហើយនាំគ្នាចាប់ខ្លួន បន្ទាប់ពីជននេះយកកូនកាំបិតអារកប៉ងសម្លាប់ស្រីស្នេហ៍ ដោយសារតែខឹងនាងអង្គុយផឹក និងច្រៀងលេងជាមួយប្រុសផ្សេង ។ ទោះបីជាយ៉ាងណា ការប៉ងសម្លាប់នោះពុំដូចបំណងទេ តែក៏បណ្តាលឱ្យនារីជាសង្សាររបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៨ កុម្ភៈ នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ អ្វីដែលមានការចាប់អាម្មណ៍នោះគឺបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថ បានដណ្តើមគ្នាយកជនដៃដល់នៅលើដងផ្លូវសាធារណៈ ។ បុរសដែលត្រូវឃាត់ខ្លួនឈ្មោះ ភាព ម៉ក់ អាយុ២៤ឆ្នាំសក់ពណ៌មាស ជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកនារីរងរបួស ឈ្មោះ ខាត់ សុជា អាយុ២៧ឆ្នាំជាកម្មការីនីកាត់ដេររោងចក្រតុងហ្វាងស្នាក់នៅកន្លែងកើតហេតុនិងមានស្រុកកំណើតភូមិថ្នល់រលើង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។
តាមព័ត៌មានជុំវិញគូស្នេហ៍នេះត្រូវបានគេឱ្យដឹងថា អ្នកទាំង២បានស្រឡាញ់គ្នា និងស្នាក់នៅបន្ទប់ក្បែរគ្នា ។ នៅមុនពេលកើតហេតុខណៈពេលដែលនារីរងគ្រោះអង្គុយ ផឹកនិងច្រៀងលេងនៅមុខផ្ទះជួល ស្រាប់តែជនដៃដល់ដែលជាសង្សារនិងគ្នា បានយកកូនកាំបិតចេញពីបន្ទប់ មកចាប់បោចសក់នាងទៅក្រោយ ហើយអារកនាងប៉ងសម្លាប់តែម្តង ។ ភ្លាមៗត្រូវបានបងប្អូនមិត្តភក្កិបាននាំទៅសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ ។ចំណែកជនដៃដល់បន្ទាប់ពីបានអារកស្រីស្នេហ៍ហើយ ក៏បានកាន់កូនកាំបិតនៅដៃដើរចេញទៅក្នុងស្ថានភាពស្រវឹង ដោយពុំមានអ្នកណាហ៊ានចូលចាប់ឡើយ ។ នៅពេលធ្វើដំណើេរចេញបានប្រមាណ៣០០ម៉ែត្រក៏មានរថយន្តមួយគ្រឿងបានបើកដេញបុក បណ្តាលឱ្យដួលហើយប្រជាពលរដ្ឋនិងសមត្ថកិច្ចក៏នាំគ្នាសង្គ្រប់ចាប់ខ្លួនបានតែម្តង ។
ចំណែកអ្នកបើកបរនៅពេលបើករថយន្តបុកជនដៃដល់ក៏បានជ្រុលទៅបុកសួនច្បារ និងដើមឈើក្បែរប៉ុស្តិ៍យាមសណ្ឋាគារបាលី បណ្តាលឱ្យធ្លាក់កាង ហើយរថយន្តក៏បានបើកចេញបាត់ទៅ ។បន្ទាប់ពីឃាត់ខ្លួនបានជនដៃដល់ ក៏មានការប្រទាញប្រទង់គ្នាអស់ប្រមាណជិត១ម៉ោងរវាងនគរបាលនិងកងរាជអាវុធហត្ថ ដោយខាងកងរាជអាវុធហត្ថបានអះអាងថា ខ្លួនជាអ្នកចាប់បានមុននិងបានដណ្តើមជនដៃដល់យកដាក់ម៉ូតូបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ ។
តាមជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនអារកសម្លាប់សង្សារដោយសារតែខឹងនាងយកប្រុសថ្មីមក«ឌឺ» ។ បុរសរូបនោះបានឱ្យដឹងថា ខ្លួននឹងនាងបានស្រឡាញ់គ្នា រយៈពេលប្រមាណកន្លះខែមកហើយ មិននឹកស្មានថានាងមកអង្គុយផឹកជាមួយប្រុសថ្មីបញ្ឈឺខ្លួនបែបនេះសោះ ។ ដោយឡែកនារីរងរបួសបានឱ្យដឹងថា ខ្លួនពុំបានស្រឡាញ់បុរសម្នាក់នោះទេ ។ កន្លងមកបុរសនេះតាមលួងលោមសុំស្នេហ៍នាង តែនាងពុំបានស្រឡាញ់ឡើយ ។ នៅមុនពេលកើតហេតុពេលដែលនាងអង្គុយផឹកជាមួយបងប្អូន និងមីងមា ស្រាប់តែបុរសនោះយកកូនកាំបិតមកអារកប៉ងសម្លាប់នាងតែម្តង ៕
ចែករំលែកព័តមាននេះ