ខេត្តព្រៃវែង ៖ ផ្លូវលំមួយខ្សែដែលជាផ្លូវទំនប់ខ្នងប្រឡាយតភ្ជាប់ពីផ្លូវវត្តត្របែក ក្នុងឃុំពានរោង ចាក់ទៅដល់វត្តបូសគង ក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរត្រូវបានប្រជាពលរដ្ឋរៃអង្គាសប្រាក់គ្នា ធ្វើការជួសជុលឡើងវិញ ដោយសារតែផ្លូវនេះបានរងនូវការខូចខាតច្រើនឆ្នាំមកហើយ ។
លោក ស៊ុន ស៊ាន ប្រជាពលរដ្ឋរស់នៅភូមិជ្រៃរលើង ឃុំទឹកថ្លា ស្រុកស្វាអន្ទរបានបញ្ជាក់ប្រាប់ថា ផ្លូវ១ខ្សែនេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ជាប្រជាពលរដ្ឋ នៅក្នុងឃុំពានរោង និងឃុំទឹកថ្លាក្នុងការដឹកយកកសិផលទៅលក់នៅលើទីផ្សារ ហើយកូនសិស្សទៅសាលារៀន និងធ្វើដំណើរទៅកាន់ទីរួមខេត្តជាដើម ។ ប៉ុន្តែដោយសារតែកត្តាអាកាសធាតុ និងកត្តាយានយន្តផងនោះ បានធ្វើឲ្យផ្លូវនេះរងនូវការខូចខាត រហូតធ្វើដំណើរឆ្លងកាត់លែងចង់កើតទៅហើយ ។
ប្រជាពលរដ្ឋជាច្រើននាក់ទៀតនៅក្នុងឃុំទឹកថ្លាបាននិយាយដូចៗគ្នាថា ផ្លូវ១ខ្សែនេះបានខូចច្រើនឆ្នាំមកហើយ ហើយកន្លងមកពួកគាត់ក៏ធ្លាប់បានស្នើសុំទៅអជ្ញាធរឃុំឲ្យជួយជួសជុលដែរ ប៉ុន្តែខាងអាជ្ញាធរឃុំបានឆ្លើយតបមកវិញថា ផ្លូវតាមខ្នងប្រឡាយមិនមានគម្រោងថវិការសម្រាប់ធ្វើការជួសជុលទេ មានតែផ្លូវលំប៉ុណ្ណោះ ហើយក៏មិនបានគ្រប់កន្លែងដែរ ដូច្នេះឃុំមិនដឹងធ្វើម៉េចទេ ។
ពលរដ្ឋទាំងនោះបានបញ្ជាក់ថា ដោយសារតែសុំអាជ្ញាធរមិនបានទើបពួកគាត់នាំគ្នារៃអង្គាសប្រាក់គ្នា ធ្វើតែម្តងទៅដោយជួលត្រាក់ទ័រកែច្នៃដឹកដីចាក់ និងឈូសឆាយបង្ហាប់អស់ប្រាក់៣លាន៧សែនរៀល ក្នុងនោះខាងសាលាឃុំទឹកថ្លាក៏បានជួយឧបត្ថម្ភថវិកាចំនួន១៣ម៉ឺនរៀលផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើផ្លូវនេះ គឺមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺគ្រាន់តែអាចប្រើប្រាស់សម្រួលចរាចរណ៍បានមួយរយៈប៉ុណ្ណោះ ប៉ុន្តែបើមានភ្លៀងធ្លាក់តែម្តងទៅ២ដងនោះ ផ្លូវនេះច្បាស់ជាខូចអស់វិញហើយ ៕
ចែករំលែកព័តមាននេះ