ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ព័ត៌មាន​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​យុវជន​បាត់បង់​ឱកាស​ការងារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន យុវជន​កម្ពុជា​ដែល​កំពុង​ពេញ​ថាមពល មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​ចុះ ស្មើនឹង​ប្រមាណ​៦៦%​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​សរុប ប៉ុន្ដែ​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​នៅ​មាន​កម្រិត ខណៈ​អ្នក​ផ្គត់ផ្គង់​ការងារ​បាន​លើក​ឡើង​ពី​កង្វះ​កម្មករនិយោជិត​ដើម្បី​បម្រើ​ការ​ក្នុង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ។ បញ្ហា​នេះ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន យុវជន​កម្ពុជា​ដែល​កំពុង​ពេញ​ថាមពល មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​ចុះ ស្មើនឹង​ប្រមាណ​៦៦%​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​សរុប ប៉ុន្ដែ​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​នៅ​មាន​កម្រិត ខណៈ​អ្នក​ផ្គត់ផ្គង់​ការងារ​បាន​លើក​ឡើង​ពី​កង្វះ​កម្មករនិយោជិត​ដើម្បី​បម្រើ​ការ​ក្នុង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ។ បញ្ហា​នេះ អ្នក​សេដ្ឋកិច្ច​មើលឃើញ​ថា ដោយសារ​តែ​ការ​ផ្ដល់​ព័ត៌មាន​ពី​តម្រូវការ​ការងារ មិន​ទូលំទូលាយ និង​កត្តារួម​ផ្សំ​មួយ​ចំនួន​ទៀត ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ បញ្ហា​ទីផ្សារ​ការងារ និង​កម្លាំង​ពលកម្ម​មិន​ខ្វះ​ទេ​នៅ​ក្នុងស្រុក ប៉ុន្ដែ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​តម្រូវ​ការងារ មិន​បាន​ជ្រាប​ដល់​គ្រប់​ស្រទាប់​យុវជន​នៅឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស ។

លោក ង៉ែត ជូ ថ្លែង​ថា ៖« តាម​ពិត បើ​និយាយ​ពី​កម្លាំង​ពលកម្ម​នៅ​ស្រុក​យើង មិន​ខ្វះ​ទេ តែបើ​កម្មករ​ជំនាញ​អាច​នៅ​ខ្វះ ។ ចំណែក​អ្នក​ផ្គត់ផ្គង់​ការងារ​ដែល​កំពុង​ខ្វះ​បុគ្គលិក​នោះ អាច​មក​ពី​ការ​ផ្សព្វផ្សាយ​ពី​តម្រូវការ​ការងារ​មិន​បាន​ទូលំទូលាយ និង​កត្តារួម​ផ្សំ​មួយ​ចំនួន​​ទៀត » ។ លោក​ថា ៖« កាលណា​ខ្វះ​ព័ត៌មាន គឺ​មិនដឹង​ថា​កន្លែង​ណា​ត្រូវការ​កម្មករ​ធ្វើការ​ទេ ។ និយាយ​រួម កាលណា​យើង​ផ្ដល់​ព័ត៌មាន​មិន​ទូលំទូលាយ អ្នក​ស្វែងរក​ការ​ងារ​ធ្វើ​នៅ​តែ​គ្មាន​ឱកាស​នឹង​ទទួល​បានការ​ងារ​ធ្វើ ។ មួយវិញទៀត គឺ​កម្មករ​ជំនាញ​មិន​ចេះ​តែ​មាន​ទេ វា​ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ជាដើម ។ ចំណែក​លក្ខខណ្ឌ​ការងារ ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ពេញកម្លាំង ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​ផង​ដែរ ក្រៅពី​ទៅ​តាម​បងប្អូន​សាច់ញាតិ និង​មិត្តភក្តិ » ។

លោក បូ​ដ ចេ​ហ្វ (Jef BOEDT) អគ្គនាយក​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​កំពុង​ត្រូវការ​កម្មករ និង​បុគ្គលិក​រាប់​ពាន់​នាក់​បន្ថែម​ដើម្បី​បម្រើ​ការ​នៅ​ចម្ការ​កៅស៊ូ​ទាំង​ពីរ​ទីតាំង​របស់​ខ្លួន​នៅ​ខេត្តមណ្ឌលគិរី ហើយ​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ក្រុមហ៊ុន​លោក​នឹង​បើក​ដំណើរការ​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​ក្រែប​មួយទៀត ។ ដូច្នេះ នៅ​ពេល​ដំណើរការ រោងចក្រ​នេះ​នឹង​ស្រូប​យក​កម្លាំង​ការងារ​យ៉ាងច្រើន​បន្ថែម​ទៀត ។

លោក ចេ​ហ្វ ថ្លែង​ថា ៖« សុក​ហ្វី​ន​កម្ពុជា ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ​នៅ​ខេត្ត​មណ្ឌល​គិរី​លើ​ផ្ទៃដី​ទំហំ​៧.៥០០​ហិ​កតា ដែល​បាន​បោះទុន​ប្រមាណ​៩៩​លាន​ដុល្លារ​ហើយ គិត​ចាប់ពី​ឆ្នាំ​២០០៩​មក ។ គិត​មក​ទល់​ពេល​នេះ យើង​មាន​កម្មករនិយោជិត និង​បុគ្គលិក​ជំនាញ ដែល​កំពុង​បំពេញការងារ​អចិន្ត្រៃយ៍​ចំនួន​៦៥០​នាក់ ហើយ​កំពុង​ត្រូវការ​កម្លាំង​ជា​ច្រើន​បន្ថែម​ទៀត​»​។

យ៉ាងណា​ក៏​ដោយ លោក​ថា ការ​ស្វែងរក​បុគ្គលិក​មក​ធ្វើការ វា​ជា​រឿង​ស្មុគស្មាញ​មួយ បើ​ទោះបី​លោក​បាន​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​នានា​ក៏​ដោយ ខណៈ​ដែល​ដើម​កៅស៊ូ​ពេញវ័យ​អាច​ជៀរ​ជ័រ​ប្រមាណ​២.០០០​ហិ​កតា កំពុង​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បន្តបន្ទាប់។

ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​វិញ លោក​ចេ​ហ្វ​លើក​ឡើង​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​អន្តរ​ជាតិ​លំដាប់​ពិភពលោក​មួយ ការ​គោរព​លក្ខខណ្ឌ និង​ច្បាប់​ការងារ គឺជា​រឿង​ចាំបាច់​បំផុត ។

លោក​ថ្លែង​ថា ៖« វា​មិន​ត្រឹមតែ​ទទួល​បាន​ប្រាក់ខែ និង​ថ្ងៃ​ឈប់​សម្រាក​តាម​ស្ដង់ដា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដូច​ជា ការ​ស្នាក់​នៅ ទឹក​-​ភ្លើង​ដោយ​ឥត​គិតថ្លៃ ឧបត្ថម្ភ​អង្ករ​ប្រចាំខែ និង​ប្រាក់​លើកទឹកចិត្ត​ផ្សេង​ៗ​ទៀត ហើយ​ប្រសិនបើ​ពួក​គេ​មានកូន យើង​ក៏​មាន​សាលា​បឋម​សិក្សា​សម្រាប់​បណ្ដុះបណ្ដាល​ចំណេះ​ដឹង​ទូទៅ ។ ក្រៅពី​នេះ យើង​បាន​គិតគូរ​បណ្ដុះ​បណ្ដាញ​ជំនាញ​ជៀរ​ជ័រ​ដល់​ពួក​គេ​រយៈពេល​៤​ស​ប្ដា​ហ៍ មុន​នឹង​ចាប់ផ្ដើម​ធ្វើ​ការងារ ដោយ​មាន​ទាំង​ប្រាក់​ប្រចាំ​ថ្ងៃ​ទៀត​ផង​។ លើស​ពី​នេះ​ទៀត​សោត យើង​មាន​មណ្ឌល​សុខភាព និង​ទីកន្លែង​សម្រាប់​ហាត់​កីឡា​ផង​ដែរ​។ អ្វី​ដែល​ជា​កាតព្វកិច្ច​នោះ យើង​បាន​បង់ពន្ធ​ជូន​រដ្ឋ​លើ​ប្រាក់បៀវត្ស​របស់​ពួក​គេ ហើយ​មន្ទីរ​ការងារ​ក៏​តែងតែ​ចុះ​មក​ត្រួតពិនិត្យ​ប្រចាំខែ​ដែរ » ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន All Public Relations បាន​យល់​ស្រប​ថា ការ​ចែកចាយ​ព័ត៌មាន​គឺជា​រឿង​សំខាន់​ណាស់​នៅ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ចំណេះ និង​ជំនាញ​របស់​យុវជន​នៅ​មាន​កម្រិត ។

កញ្ញា ផេង គី​ម​ហ៊​ន នាយក​គ្រប់គ្រង​រូប​នេះ​បាន​ថ្លែង​ថា ៖« ការ​ជ្រើសរើស​បុគ្គលិក វា​ពិត​ជា​រឿង​ស្មុគស្មាញ​មួយ ដោយ​ពួក​គេ​នៅ​ខ្វះខាត​ចំណេះដឹង និង​ជំនាញ ប៉ុន្ដែ​ប្រទេស​របស់​យើង​ពោរពេញ​ដោយ​យុវជន និង​កំណើន​ធនធានមនុស្ស ដូច្នេះ​យើង​ត្រូវ​ជួយ​ជ្រោមជ្រែង​ពួក​គេ ដោយ​ទទួលយក​មក​ធ្វើការ​ទាំង​ចំណេះដឹង​នៅ​មាន​កម្រិត ហើយ​យើង​ត្រូវ​តែ​អភិវឌ្ឍន៍​ពួក​គេ​បន្ថែម​ទៀត » ។

កញ្ញា​បន្ថែម​ថា ៖« នេះ​ជា​អ្វី​ដែល​ក្រុមហ៊ុន​យើង​បាន​និង​កំពុង​តែ​អនុវត្ត ហើយ​ពួក​យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​ឆ្លាត​វៃ និង​មាន​សក្ដា​នុ ពល​មក​ជួយ​ធ្វើការ ហើយ​យើង​ត្រូវ​បង្ហាត់បង្រៀន​ពួក​គេ​បន្ថែម​។ ប្រសិនបើ​យើង​គ្រប់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​មិន​មាន​បញ្ហា​ជាមួយ​ការ​ជ្រើសរើស​បុគ្គលិក​ទេ ហើយ​យើង​អាច​ជួយ​បង្កើន​ឱកាស​ការងារ​នៅ​ក្នុង​សង្គម​បាន​ច្រើន​ផង​ដែរ »​។

ការ​ចែកចាយ​ព័ត៌មាន​បច្ចុប្បន្ន មាន​លក្ខណៈ​ជឿនលឿន​តាម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ខណៈ​យុវជន​កម្ពុជា​ភាគច្រើន​ហាក់​ពុំ​ទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ទទួលយក​លំហូរ​​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​កំពុង​វិវត្តន៍​ឥត​ឈប់​ឈរ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មួយ​ចំនួន​ក៏​ពុំ​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ​ការងារ​ផង​ដែរ ។

ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ កន្លង​មក លោក​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​លើក​ឡើង​ថា ចំណេះដឹង​ខាង​បច្ចេកវិទ្យា​របស់​ពលរដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ខណៈ​កំណើន​យុវជន​សក្ដានុ​ពល​សព្វថ្ងៃ មាន​ប្រមាណ​៦៦%​នៃ​ប្រជាជន​សរុប ប៉ុន្ដែ​អ្នក​ដែល​មានចំណេះ​ដឹង​មូលដ្ឋាន​ខាង​បច្ចេកវិទ្យា​នៅ​តិចតួច​បំផុត ។

លោក​ថ្លែង​ថា ៖« ប្រជាជន​យើង​មិន​អាច​ត្រឹមតែ​ចេះ​ប្រើ​Youtube​និង​Facebook ប៉ុណ្ណោះ​ទេ យើង​ត្រូវ​ចេះ​ប្រើ​អ្វី​ៗ​ផ្សេង​ទៀត ដូច​ជា ការ​បំពេញ​ពាក្យ​តាម​អន​ឡាញ​ជាដើម »​។

យោង​តាម​ទិន្នន័យ​របស់​អង្គការ UNFPA ក្នុង​ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​​ដែល​មាន​យុវជន​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ក្នុង​នោះ ១​ភាគ​៥​នៃ​ប្រជាន​ជន​កម្ពុជា​មាន​អាយុ​ចន្លោះ​ពី​១៥​ដល់​២៤​ឆ្នាំ និង​ស្ទើរតែ​២​ភាគ​៣​នៃ​អត្រា​ប្រជា​ជន​សរុប​មាន​អាយុ​ក្រោម​៣០​ឆ្នាំ ហើយ​យុវជន​វ័យក្មេង​ទាំងនេះ គឺជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​សក្ដានុពល​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ