ខេត្តកំពង់ធំ ៖ មិនមែនជាការចង់បន្ទាបបន្ថោក ឬធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេ ដែលកោះសន្តិភាពលើកយកបុគ្គលជាសង្ឃទំនើងឥតកេរ្តិ៍ខ្មាសមួយរូប ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា និងធ្វើឱ្យមហាជនពុទ្ធបរិស័ទក្នុងស្រុកស្ទោងមានការភ្ញាក់ផ្អើល និងហួសចិត្តគ្រប់គ្នា ដ្បិតបុគ្គលរូបនេះហ៊ានសេពមេថុនជាមួយកុមារីតូចៗដល់ទៅ២នាក់ ទាំងស្លៀកស្បង់ ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាសនាកំពុងនាំគ្នាប្រារព្ធពិធីតាមពុទ្ធឱវាទ គឺបុណ្យភ្ជុំបិណ្ឌ។
ទោះយ៉ាងណា បុគ្គលសង្ឃទំនើងដែលធ្វើឱ្យពុទ្ធសាសនាអាប់ឱននេះ ត្រូវមន្ត្រីធម្មការខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្ទោងចាប់ផ្សឹក និងឃាត់ខ្លួនហើយ កាលពីថ្ងៃទី១៥ កញ្ញា បន្ទាប់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះទាំងពីរប្តឹងសមត្ថកិច្ច។ នគរបាលស្រុកស្ទោងបាននិយាយថា សង្ឃទ្រុស្តសិល្ប៍ខាងលើនេះឈ្មោះដា ឡា ហៅឡូ អាយុ១៧ឆ្នាំ ស្នាក់ និងបួសបាន២ឆ្នាំ ក្នុងវត្តពោធិរោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ត្រូវបានឃាត់ខ្លួនបន្ទាប់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះទាំងពីរនាក់ ម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតអាយុ៩ឆ្នាំ ប្តឹងពីករណីចាប់រំលោភបានសម្រេចកាលពីថ្ងៃទី១៣-១៤ កញ្ញា ២០១១ នៅក្នុងវត្តពោធិរោងតែម្តង។
ពាក់ព័ន្ធហេតុការណ៍ដែលនឹកស្មានមិនដល់ខាងលើនគរបាលបានបន្តថា យោងតាមការបំភ្លឺរបស់កុមារីរងគ្រោះទី១ អាយុ១២ឆ្នាំ បាននិយាយថា នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ កញ្ញា ជាថ្ងៃចូលបិណ្ឌទី១ សង្ឃទ្រុស្តសិល្ប៍ឡា ហៅឡូ បានប្រើនាងឱ្យទៅយកកន្ទេលនៅក្រោយកុដិ ។ ពេលនាងដើរចូលទៅ ស្រាប់តែសង្ឃនោះដើរទៅតាមក្រោយ ហើយចាប់រំលោភតែម្តង។ ដោយឡែកក្មេងស្រីទី២ អាយុ៩ឆ្នាំ បាននិយាយថា នៅព្រឹកថ្ងៃទី១៤ កញ្ញា សង្ឃខាងលើបានប្រើនាងឱ្យទៅយកកន្ទេលនៅលើសាលាឆាន់។ ពេលនោះដោយឃើញឱកាសល្អស្ងាត់គ្មានមនុស្ស ក៏ធ្វើឱ្យសង្ឃកំហូចនោះកម្រើកតណ្ហាសាជាថ្មីក៏ចូលទៅចាប់រំលោភកុមារីខាងលើបានសម្រេចទៀត៕
ចែករំលែកព័តមាននេះ