រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី ២៧ ធ្នូនេះ បានជំរាបជូនបងប្អូនប្រជាពលរដ្ឋឲ្យដឹងថា ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់ គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ហើយពេលនេះក៏បានផ្ទុះនៅស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរ ។
យ៉ាងណាមិញ ករណីផ្ទុះទាំងបីនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបញ្ជាក់ថា «ពុំទាន់រកឃើញមានការឆ្លងមកលើមនុស្សនៅឡើយទេ» តែមន្ត្រីជំនាញក្រសួងសុខាភិបាលកំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខភាពមនុស្ស សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្តាសាយបក្សី ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានសំណូមពរថា សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺ ឬងាប់ មករៀបចំជាអាហារ ឬលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច និងរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញ ។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ ២០១៤ ក្នុងប្រទេសយើងធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុងនោះ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណី បានស្លាប់ និងក្នុងឆ្នាំ២០១៤ មាន៩ករណី និង ៤ករណីបានស្លាប់ ។
បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺ.ក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថា ជាករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុត ដើម្បីធ្វើការព្យាបាល យើងមានឱសថសម្រាប់ព្យាបាលជំងឺនេះ ៕
ចែករំលែកព័តមាននេះ