ខេត្តបន្ទាយមានជ័យ ៖ ជនជាតិកូរ៉េ២នាក់ប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងឃាត់ខ្លួន និងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងកាស៊ីណូដូណាកូ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យត្រូវឃាត់ខ្លួន២នាក់ ១.ឈ្មោះ Cho Hwahyung ភេទប្រុស អាយុ៥៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M56115638 ២.ឈ្មោះ Ku Cheol Seon ភេទប្រុស អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M13918814 ជនសង្ស័យទាំង២នាក់ជាជនជាតិកូរ៉េ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ នៅពេលដែលឃាត់ខ្លួនជនជាតិបរទេស២នាក់ ប្រើប្រាស់គ្រឿងញៀនក្នុងកាស៊ីណូ គឺដឹកនាំដោយលោក តេង សម័យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានកម្លាំងនគរបាលជំនាញខេត្តសហការក្រុង បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិកូរ៉េ ព្រមទាំងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន (ហៅយ៉ាម៉ាចំនួន៤គ្រាប់ និងថ្នាំញៀនមេតំហ្វេតាមីនហៅខេទឹកកក ចំនួន១កូនថង់តូច និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ដែលឃាត់នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់កាស៊ីណូដូណាកូ អតីតកាស៊ីណូស្ថាវីហ្កាស (រឺផ្កាយប្រាំ) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានប្រាប់ថា ៖ ក្រោយពេលដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិកូរ៉េ និងវត្ថុតាងថ្នាំញៀន ត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ