ប្រទេសអាហ្សង់ទីន ៖ កងម៉ារីនអាហ្សង់ទីនរាយការណ៍កាលពីថ្ងៃទី២០ វិច្ឆិកា ថាសំឡេងរបស់នាវាមុជទឹកត្រូវចាប់បាននាថ្ងៃនោះ ដោយឧបករណ៍ចាប់សំឡេង SONAR របស់នាវា២គ្រឿងដែលចូលរួមក្នុងប្រតិបត្តិការតាមរុករកនាវាមុជទឹកអាហ្សង់ទីន SAN JUAN ដែលបាត់ដានចាប់តាំងពីថ្ងៃទី១៥ វិច្ឆិកា មក ជាមួយសមាជិកក្រុមនាវិក៤៤នាក់ ក្នុងមហាសមុទ្រអាត្លង់ទិកផ្នែកខាងត្បូង ។
ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងប៊ុយណូស៊ែអ្នកនាំពាក្យកងម៉ារីនអាហ្សង់ទីនអនុសេនីយ៍ឯក ENRIQUE BALBI ថ្លែងថា ស្នូរសំឡេងដែលចាប់បានរង់ចាំការធ្វើវិភាគ ។ ស្នូរសំឡេងទាំងនេះចាប់បាននៅកន្លែងមួយចម្ងាយ៣៦០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រអាហ្សង់ទីនដែលទីនោះមានជម្រៅជាមធ្យម២០០ម៉ែត្រ ។ បែបនេះវាស៊ីគ្នាជាមួយផ្លូវដែលនាវាមុជទឹកនោះរត់ដើម្បីវិលត្រឡប់មកកាន់មូលដ្ឋានខ្លួនវិញ ។
នាវាមុជទឹកនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ត្រូវបានរាយការណ៍ថា វង្វេងបាត់ក្រោយបាត់ការទាក់ទង ។ គេទទួលបានការទាក់ទងតាមវិទ្យុ៧លើកដែលអាជ្ញាធរថា ជាការប្រកាសអាសន្ននាំឱ្យគេសង្ឃឹមថា មនុស្សទាំងឡាយក្នុងនាវាមុជទឹកនេះអាចនៅរស់ ។
ការរុករកនៅបន្តក្នុងតំបន់មួយមានវិជ្ជមាត្រ៣០០គីឡូម៉ែត្រ ក្នុងដែនទឹកនៃឆ្នេរសមុទ្រអាហ្សង់ទីន ដែលជួបប្រទះនឹងព្យុះមួយនាំឱ្យមានរលកកម្ពស់ពី៥ទៅ៧ម៉ែត្រ ធ្វើឱ្យការងាររុករករបស់នាវា១៣គ្រឿង ជួបការលំបាក ។ យន្តហោះ១០គ្រឿងក៏ចូលរួមក្នុងប្រតិបត្តិការតាមរុករកដែរ ៕
ចែករំលែកព័តមាននេះ