រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់មានជំនាញខាងលួចកាត់ខ្សែកាប ខ្សែភ្លើង ដែលកន្លងមកធ្វើសកម្មភាពកាត់បានសម្រេចចំនួន៤លើកមក ហើយមិនដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្ដងណាទេ ញ៉ាមបានធ្វើសកម្មភាពជាលើកទី៥ទៀត ប៉ុន្តែសំណាងអាក្រក់ចំថ្ងៃអស់ល័ក្ខណ៍ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ ល្បាតទៅក៏ប្រទះឃើញ បានធ្វើការចាប់ខ្លួននាំទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលវេលាម៉ោង០៣និង២០នាទីទាបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនម្នាក់ឈ្មោះ គឹម អាន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលនៅក្នុងភូមិសំបួរ សង្កាត់សង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅក្នុងភូមិតាយ័ន្ត ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។ និងម្នាក់ទៀតឈ្មោះ ឈឹម ធារី អាយុ២៦ឆ្នាំ មុខរបរើសអេតចាយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានចេញល្បាតពួនស្ទាក់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានសង្កាត់របស់ខ្លួន ខណៈពេលជិះម៉ូតូទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានប្រទះឃើញជនសង្ស័យ២នាក់នោះ កំពុងតែធ្វើសកម្មភាពឡើងកាត់ខ្សែកាប ខ្សែភ្លើង ។ ប៉ុន្តែកាត់មិនទាន់បាននៅឡើយទេ ពេលនោះកម្លាំងបានចូលទៅសួរនាំ ប៉ុន្តែជនសង្ស័យបាននាំគ្នារត់គេចខ្លួន ភ្លាមៗនោះកម្លាំងនគរបាលខាងលើបានដេញតាមចាប់បានទាំង២នាក់ រួចនាំទៅកាន់ប៉ុស្ដិ៍ដើម្បីសួរនាំ ព្រមទាំងដកហូតបានកាំបិតដែលជាឧបករណ៍សម្រាប់កាត់ខ្សែភ្លើង១ផងដែរ ។
នគរបាលបានបន្តទៀតថា ក្រោយពេលសាកសួរជនសង្ស័យខាងលើ បានសារភាពថា ពួកគេទាំងពីរនាក់ ពិតជាបានចេញធ្វើសកម្មភាពកាត់ខ្សែកាប ខ្សែភ្លើង នៅត្រង់ចំណុចកើតហេតុនោះមែន ។ ហើយកន្លងមកពួកខ្លួនធ្លាប់បានធ្វើសកម្មភាពបានសម្រេចចំនួន៤លើករួចមកហើយ និងបានមានសំណាងគេចខ្លួនរួចរហូត មិនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្ដងណាឡើយ ។ ទើបតែពេលនេះចំថ្ងៃស៊យ ខណៈពេលកំពុងធ្វើសកម្មភាពមិនទាន់បានផង ស្រាប់តែនគរបាលទៅដល់ចាប់ខ្លួនតែម្ដង ៕
ចែករំលែកព័តមាននេះ