រាជធានីភ្នំពេញ ៖ នារីវ័យក្មេងជាបុគ្គលិកបម្រើការងារម្នាក់ បានគាំងបេះដូងស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅក្នុងផ្ទះសំណាក់ ហេតុការនេះមានការភ្ញាក់ផ្អើលកើតឡើងពីវេលាម៉ោង៥និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព័ត៌មានពីនគរបាលបានប្រាប់ឲ្យដឹងថា នារីរងគ្រោះឈ្មោះ បូ សំភី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិក ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិត្រពាំងថ្លុង ឃុំ ត្រពាំងថ្លុង ស្រុកក្រែក ខេត្តត្បូងឃ្មុំ មានស្រុកកំណើតនៅភូមិកោះទាវ២ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល និងមិត្តភក្តិម្នាក់ឈ្មោះ មុំ សាវតី និងឈ្មោះ កុយ សុធឿន ។
ពួកនាងទាំង៣នាក់ បាននាំគ្នាមកកាន់រាជធានីភ្នំពេញនេះ ក្នុងគោលបំណងមកលេងបុណ្យអុំទូក ហើយក៏បាននាំគ្នាចូលក្លឹបផឹកស៊ី និងប្រើប្រាស់ថ្នាំគ្រវីលេង ទំនងជាប្រើប្រាស់ច្រើនហួសកំរិតនោះ ទើបបណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិតម្នាក់បែបនេះតែម្តង ។
មុនពេលកើតហេតុវេលាម៉ោង១២និង១០នាទីទាបភ្លឺ ពួកនាងទាំង៣នាក់ បាននាំគ្នាចូលទៅលេងកំសាន្តក្នុងមជ្ឈមណ្ឌលកំសាន្តមួយ ដោយនាំគ្នាហៅស្រាបៀរ មកផឹកអស់ជាច្រើនដប និងទឹកក្រូចកូកាកូឡា រួមទាំងប្រើប្រាស់ថ្នាំញៀនផងដែរ ។ ប្រភពបានបន្តទៀតថា រហូតដល់ម៉ោង៤និង០០នាទីទាបភ្លឺ ឃើញនាងមានសភាពស្លេកស្លាំងយ៉ាងខ្លាំងនោះ ទើបពួកនាងទាំង៣នាក់ឈប់ផឹក និងពឹងឲ្យសន្តិសុខយាមនៅទីនោះ ជូនមកបន្ទប់ផ្ទះសំណាក់ ។ ពេលចូលទៅស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ប្រមាណជា៤៥នាទីបុគ្គលិកផ្ទះសំណាក់ ឃើញនារីរងគ្រោះមានសភាពស្លេកស្លាំង និងទន់ខ្លួនកាន់តែខ្លាំងឡើងៗនោះ ក៏នាំនាងទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ មិនអាចធ្វើការសង្គ្រោះបានឡើយ។
ក្រោយពេលកើតហេតុ កម្លាំងសម្ថកិច្ចជំនាញក៏បានចុះទៅធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យទៅលើសពរបស់នារីវ័យរងគ្រោះបានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគាំងបេះដូង ដោយសារនាងបានប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទើបប្រគល់ឲ្យក្រុមគ្រួសារបញ្ជូនសពទៅកាន់ស្រុកកំណើតធ្វើបបុណ្យទៅតាមប្រពៃណី៕
ចែករំលែកព័តមាននេះ