រាជធានីភ្នំពេញ ៖ រាល់ពេលមានភ្លៀងធ្លាក់ម្តងៗបណ្តាលឱ្យមានទឹកលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺមិនដែលឃើញវត្តមានចៅសង្កាត់ឬក្រុមការងារសង្កាត់ចុះពិនិត្យមើលតាមមាត់អណ្តូងលូ ឬដោះស្រាយជូនប្រជាពលរដ្ឋឡើយ រួមទាំងបញ្ហាអគ្គិភ័យ និងបទល្មើសផ្សេងៗជាច្រើនទៀតផងដែរ ។
លោក សុខ ពេញវុទ្ធ អភិបាលខណ្ឌដូនពេញបានថ្លែងបែបនេះកាលល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខណ្ឌដូនពេញក្នុងកិច្ចប្រជុំដើម្បីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌ និងក្នុងឱកាសព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក សំពះព្រះខែចាប់ពីថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ។
លោក សុខ ពេញវុទ្ធ បានផ្តោតសំខាន់ទៅលើសង្កាត់ទាំង៥(គឺចៅសង្កាត់មកគណបក្សCPPចំនួន០១ និងចៅសង្កាត់មកពីCNRPចំនួន០៤) ក្នុងចំណោមសង្កាត់ទាំង១១ដែលជាមូលដ្ឋានសំបូរទៅដោយរមណីដ្ឋាន ទីធ្លាសួនច្បារសាធារណៈ និងសំបូរទៅដោយបទល្មើសផ្សេងៗក្នុងនោះរួមមាន សង្កាត់ផ្សារកណ្តាលទី១, សង្កាត់ជ័យជំនះ, សង្កាត់ស្រះចក និងសង្កាត់ចតុមុខ និងប៉ុស្តិ៍ទាំង៥ ដែលជាអាជ្ញាធរមូលដ្ឋានផ្ទាល់បម្រើប្រជាពលរដ្ឋ ។
ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលខណ្ឌដូនពេញបានស្នើ សូមឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមិនថាការងារអនាម័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬបញ្ហាបទល្មើសផ្សេងៗ កុំធ្វើខ្លួនជាប្រជាពលរដ្ឋមិនខ្វល់ពីសុខទុក្ខអ្នកដទៃព្រោះអីខ្លួនគឺជាចៅសង្កាត់ ។ ជាពិសេសត្រូវអនុវត្តន៍ការងាររដ្ឋបាលឱ្យបានត្រឹមត្រូវតាមច្បាប់លក្ខន្តិកមន្ត្រីរាជការស៊ីវិល ព្រមទាំងត្រូវរាយកាណ៍ជូនរដ្ឋបាលខណ្ឌដូនពេញតាមឋានានុក្រមរាល់ពេលមានករណីផ្សេងៗកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ។
លោក សុខ ពេញវុទ្ធ សង្ឃឹមថា លោក លោកស្រី ចៅសង្កាត់ទាំងនោះនឹងកែរប្រែឥរិយាបទ ព្រមទាំងខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អដូចដែលការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងកំឡុងពេលឃោសនារកសម្លេងឆ្នោតនាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ