រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រឹកនេះ បានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចអះអាងថា ទោះក្នុងតម្លៃណាក៏ដោយ គឺត្រូវតែរក្សាសន្តិភាពនៅកម្ពុជាឲ្យបាន។ យ៉ាងណាមិញ មេបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងដំណើរទៅតាមខេត្ត-រាជធានី ក្រោយការបោះឆ្នោតដើម្បីថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត ហាក់ដូចជាដាក់ផ្លែឲ្យមេបក្សកាន់អំណាចថា សន្តិភាពត្រូវតែមាន តែសន្តិភាពពិតប្រាកដ គឺ «សន្តិភាពផ្លូវចិត្ត» មិនមានការគម្រាមគំហែងណាមួយនោះទេ។
សម្តេចតេជោបានសរសេរ៖ «ការគ្រាន់តែនិយាយពីសន្តិភាព គឺស្រួលណាស់ តែការស្វែងរកសន្តិភាព ទើបជាការលំបាក ព្រោះថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យ និងដោយគ្មានការចំណាយអាយុជីវិតមនុស្សឡើយ។ បើប្រទេសជាតិមានសុខសន្តិភាពហើយ យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពកុំឱ្យបាត់បង់ទៅវិញ។ និយាយការពិតទៅ គឺគ្មានបក្សនយោបាយណាក្រៅពី «គណបក្សប្រជាជនកម្ពុជា» ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពក្នុងពេលដែលប្រទេសបានធ្លាក់ក្នុងវាលពិឃាត»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ ជាង៤០ឆ្នាំមកនេះ គឺមានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលខិតខំថែក្សាការពារសន្តិភាព ដើម្បីប្រជាពលរដ្ឋរស់សុខស្រួល។ គណបក្សប្រជាជន គឺរួមសុខរួមទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។
ងាកទៅលោក កឹម សុខាវិញបានថ្លែងពីខេត្តកំពង់ស្ពឺព្រឹកនេះថា ចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោតចំនួន៥.០០៧នាក់នេះ ជាលទ្ធផលដែលទទួលបាន ដោយសារប្រជាពលរដ្ឋខ្មែរ «បានស្គាល់យើង ជឿលើយើង និងចូលរួមជួយយើងយ៉ាងសកម្ម»។
លោក កឹម សុខា បាននិយាយថា៖ «គណបក្សកាន់អំណាចកំពុងចុះ ប្រជាប្រិយភាពគាត់កំពុងចុះ»។ លោកបាននិយាយនៅខេត្តកំពង់ឆ្នាំថ្ងៃម្សិលមិញថា ការគាំទ្រពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺសង្គ្រោះជាតិទទួលបានដោយ «សុចរិត» ជាទឹកចិត្តពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ដោយគ្មានការបន្លំ ការបន្លាច ការបង្ខិតបង្ខំ ការគំរាមកំហែង ការបំភិតបំភ័យ ដើម្បីបោះឆ្នោតឲ្យបក្សប្រឆាំងនោះទេ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ សូមអ្នកគាំទ្រសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ បន្ដប្រកាន់យកនូវ «សេចក្ដីសុចរិត» នេះ ដើម្បីយើងបានឈ្នះឆ្នាំ២០១៨ ដោយថ្លៃថ្នូរ ហើយអ្នកចាញ់បានអស់ចិត្ត»៕
ចែករំលែកព័តមាននេះ