ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំចិននៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះមេដឹកនាំកម្ពុជា

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន​នៅ​តែ​បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​មេដឹកនាំ​កម្ពុជា ។ នេះ​បើ​តាម​លោក វ៉ាង យី (Wang Yi)…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន​នៅ​តែ​បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​មេដឹកនាំ​កម្ពុជា ។ នេះ​បើ​តាម​លោក វ៉ាង យី (Wang Yi) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង នៅ​ក្នុង​ឱ្យ​កាស​លោក​វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​បរទេស​ចិន ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ ។

ក្នុង​ជំនួប​នេះ លោក វ៉ាង យី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​លោក​យ៉ាង​កក់ក្តៅ​ជាទី​បំផុត ។ លោក វ៉ាង យី ក៏​បាន​លើក​ឡើង​អំពី​សកម្មភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចម្រុះ​កាលពី​ព្រឹក​មិ​ញ ដែល​បាន​ទទួលលទ្ធផល​ដ៏​ល្អ​ប្រសើរ ហើយ​អ្វី​ៗ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ក៏​ដូច​ជា បក្ស​ទាំង​ពីរ គឺ​យើង​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយទៀត ។

ប្រមុខ​ការទូត​ចិន​ក៏​បាន​លើក​សរសើរ​ពី​គុណសម្បត្តិ​របស់​សម្ដេច​តេ​ជោ ដែល​មាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ផ្ទេរអំណាច​ពី​ជំនាន់​ចាស់​មក​កាន់​ជំនាន់​ថ្មី​ដោយ​ភាព​រលូន ។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​ពី​នាយក​រដ្ឋមន្ត្រី​ចិន លី ឈាង ពី​ប្រធាន​ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​ចិន​ដទៃ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ​លោក វ៉ាង យី ក៏​បាន​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ដែល​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា នា​ពេល​នេះ​ផង​ដែរ ។ លោក​បាន​សម្តែង​សង្ឃឹមថា រាជរដ្ឋាភិបាល​ថ្មី​នឹង​បន្ត​តួនាទី​ក៏​ដូច​ជា​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ដែល​ថ្នាក់ដឹកនាំ​មុន​ៗ​បាន​ថែរក្សា និង​ពូន​ជ្រុំ​នា​ពេល​កន្លង​មក ។ ហើយ​បាន​កោតសរសើរ​ចំពោះ​ភាព​រីក​លូតលាស់​យ៉ាង​លឿន​នៃ​ទីក្រុង​ភ្នំពេញ​ដែល​ក្នុង​រយៈពេល​តែ​ជាង​៨​ខែ​កន្លង​មកនេះ គឺ​មានការ​ប្លែក​ច្រើន ហើយ​ជីវភាព​ប្រជាជន​ក៏​មានការ​រីក​ចម្រើន​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​រូប​នេះ​បាន​បញ្ជាក់​ថា ៖« អ្វី​ៗ​ដែល​កើត​មាន​ឡើង​នេះ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ពេល​សម្ដេច​នៅ​ជា​នាយក​រដ្ឋមន្ត្រី ដែល​សម្ដេច​ជា​អ្នកនយោបាយ​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​»​។

លោក វ៉ាង យី បញ្ជាក់​បន្ថែម​ថា «​ថ្នាក់ដឹកនាំ​ចិន មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មេដឹកនាំ​កម្ពុជា ។ ការ​ផ្លាស់​ប្ដូរ​ពី​ជំនាន់​ចាស់​មក​ជំនាន់​ថ្មី​នេះ គឺ​បាន​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ហើយ​លោក​សង្ឃឹមថា មិត្តភាព​រវាង​កម្ពុជា និង​ចិន និង​កាន់តែ​បន្ត​រីក​ចម្រើន ហើយ​ចិន​នៅ​តែ​ជា​ដៃគូ​គួរ​ឲ្យ​ទុកចិត្ត​របស់​កម្ពុជា​» ។ លោក​ក៏​បាន​សន្យា​ថា ចិន​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​គាំទ្រ​ការពារ​សន្តិសុខ​ជូន​សម្ដេច និង​ក្រុម​គ្រួសារ និង​យកចិត្តទុកដាក់​រវាង​បក្ស​ទាំង​ពីរ ដើម្បី​រួមចំណែក​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ប្រឆាំង​ដាច់ខាត​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ខិតខំ​អភិវឌ្ឍន៍​ជា​ពិសេស​អ្វី​ដែល​មានការ​ព្រមព្រៀង​គ្នា​ពី​មុន​មក ដើម្បី​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន​បន្ថែម​ទៀត ។

ចំណែក​សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​អំណរ​គុណ​ចំពោះ លោក​វ៉ាង​យី ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន ។ សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ