ខេត្តកំពងស្ពឺ ៖ បើទោះជាមានការហាមឃាត់ និងបង្កើតក្រុមបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក្តី ក៏គេនៅតែឃើញក្រុមឈ្មួញបន្តចូលទៅកាប់ឈើប្រណីតក្នុងព្រៃការពារនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកតាមគោយន្តមកបន្តដាក់លើរថយន្ត ដើម្បីយកទៅលក់ឱ្យឈ្មួញធំៗយ៉ាងរំភើយ។ សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ មិនរំខានដល់អស់លោកដែលជាមន្ត្រីឧទ្យាអនុរ័ក្សបន្តិចណាទាល់តែសោះ។ មហាជនសង្ស័យថា អស់លោកមន្ត្រីពាក់ព័ន្ធទាំងនោះធ្វើពុតជាដេកលក់ហើយមើលទៅ បានជាមិនដឹងឈ្មួញដឹកឈើកាត់កន្លែងស្នាក់ការរបស់ខ្លួនបែបនេះ។
ជារៀងរាល់យប់គេតែងសង្កេតឃើញថា ក្រុមឈ្មួញមិនថាតូច ឬធំនោះទេ គឺបានសំរុកដឹកឈើប្រភេទធ្នង់តាមគោយន្តចេញពីតំបន់ឱរ៉ាល់លើតំបន់ស្រែកិន និងល្ងឹម នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះមកអូរតោង និងតាមភូមិពោធិមាស និងស្រែច្រាប ឃុំត្រពាំងជោរ យ៉ាងគគ្រឹកគគ្រេងដូចហែកឋិន។ បើទោះជាសំឡេងគោយន្តលាន់លឺយ៉ាងណាក្តី ក៏មិនរំខានដល់អស់លោកដែលជាមន្ត្រីបរិស្ថានប្រចាំការជាប់ផ្លូវនៅតំបន់នោះឡើយ។
ចែករំលែកព័តមាននេះ