រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបសង្សារដើរលេង រួចក៏បានជិះម៉ូតូប៉ះពាល់ជាមួយម៉ូតូក្មេងទំនើងធ្វើឲ្យក្មេងទំនើងខឹងជិះដេញតាមវាយក៏ជិះរត់គេចជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវដួលម៉ូតូអូសជាង១០០ម៉ែត្រ បណ្តាលឲ្យស្លាប់នារីជាសង្សារ និងបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ហេតុការណ៍គួរឲ្យរន្ធត់នេះបង្កឱ្យមានភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះស្លាប់នៅនឹងកន្លែងមានឈ្មោះ ជា ស្រីនិច អាយុ២១ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង ជាអ្នកជិះពីក្រោយ ។ ចំណែកបុរសជាសង្សារឈ្មោះ រូ អាយុ២៧ឆ្នាំ ស្នាក់ក្បែរគ្នា មានស្រុកកំណើត ស្រុកសំរោង ខេត្តតាកែវ ជាអ្នកបើកម៉ូតូឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-7479 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ជិះគ្នា២នាក់សង្សារធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ីក្នុងទិសដៅពីកើតទៅលិចលុះមកដល់ផ្លូវកែងនឹងផ្លូវ២០០៧ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយក្មេងទំនើងចំនួនបីនាក់ ធ្វើដំណើរចេញមកពីផ្លូវ២០០៧ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែភាគីខាងក្មេងទំនើងបានយកជើងធាក់ទៅលើម៉ូតូជនរងគ្រោះ និងវាយទៅលើបុរសដែលបើកបរម៉ូតូតែមិនត្រូវ តែជនរងគ្រោះមិនបានតបតជាមួយក្មេងទំនើងនោះទេ រួចបានជិះម៉ូតូចេញទៅបន្តទៀតជាធម្មតា ភ្លាមៗនោះភាគីក្មេងទំនើងបានជិះម៉ូតូដេញតាមពីក្រោយបំណងវាយបន្ថែមទៀតធ្វើឲ្យជនរងគ្រោះភ័យពេកខំប្រឹងបន្ថែមល្បឿនដើម្បីរត់គេចឱ្យផុតពីក្មេងទំនើងទាំងនោះ តែជាអកុសលជ្រុលចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលម៉ូតូដួលអូសជាង១០០ម៉ែត្រធ្វើឲ្យបែកកាទែរម៉ាស៊ីនម៉ូតូ រីឯបុរសដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ ចំណែកនារីដែលរួមដំណើរពីក្រោយបានដួលបោកក្បាលទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ ដេកស្លាប់ក្នុងថ្លុកឈាមស្លាប់យ៉ាងអាណោចអធ័ម ។
ក្រោយពេលកើតហេតុបុរសដែលជាអ្នកបើកម៉ូតូត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំឱ្យសាច់ញាតិមកទទួលយកត្រលប់ទៅវិញ ដោយឡែកសពនារីខាងលើត្រូវសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ