ទំនៀមនៃការរៀបចំបុណ្យចូលឆ្នាំថ្មី
ទំនៀមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជា «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ ជា«ថ្ងៃវ័នបត» និងថ្ងៃទី៣ ជា«ថ្ងៃឡើងស័ក» ។ ការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្តនេះឯង ។
ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី៥) ដែលព្រះអាទិត្យចរចេញពីមីនរាសីចូលកាន់មេសរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែ យូរៗទៅមានភ្លាត់ ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត) ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែលព្រះអាទិត្យដើរបញ្ឆៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានការទាក់ទងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខ ។
ចំពោះពិធី ផ្សេងៗខ្មែរយើងរៀបចំតាមប្រពៃណី គឺនៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុក កាត់សម្លៀកបំពាក់ ថ្មីៗជាដើម ។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាថ្មី មាន ៖ បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែ តូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាថ្មី ។
ចំពោះគ្រឿងសក្ការ និងក្រយាស្ងោយដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំ នីមួយៗ ។ ឧទាហរណ៍ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ។
ពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ ៖
ថ្ងៃទី១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ។
ថ្ងៃទី២ ៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់អ្នកបម្រើ ឬអ្នកក្រីក្រទៀតផង ។
ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀតហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មតទុកដូចចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ឬប្អូន ដែលបានស្លាប់ទៅ ។
ថ្ងៃទី៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជាលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងរាំវង់ជាដើម ព្រមទាំងមានរបាំត្រុដិ ផងដែរ ។
អត្ថន័យនៃពិធីបុណ្យចូលឆ្នាំខ្មែរ
ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចេត្រ) ពីព្រោះខែចេត្រ ជាដើមឆ្នាំដែលព្រះអាទិត្យចូលកាន់មេសរាសី គឺព្រះអាទិត្យ ដើរចំពីក្បាលជាសង្ក្រាន្ត ។ ខ្មែរមានជំនឿថា ក្នុងអំឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃ ផ្សេងៗ ជួនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្នអន្ធក្រ ជួនកាលមានគ្រោះជំងឺរួបរឹតរាងកាយ ជួនកាលទៀតបានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ ថ្មីៗ គេនាំគ្នាដើរលេងកម្សាន្ដ ដើម្បីឱ្យអស់កង្វល់ ហើយឱ្យមានសិរីសួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពីគ្រួសារ និងញាតិមិត្ដ ដែលទៅប្រកបរបរចិញ្ចឹមជីវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលទៅជួបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ធូរបន្ថយការនឹករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និងអាយុយឺនយូរ ។
អត្ថន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នកស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឈមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពិធីបុណ្យចូលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជាប្រពៃណីជាតិមួយ តាំងពីដើមរហូតមក ៕
ចែករំលែកព័តមាននេះ