ប្រទេសឡាវ ៖ រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ថវិកា២,៥លានដុល្លារបន្ថែមពីលើមូលនិធិគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មលើកទី២កំពុងដំណើរការ (TDF II) ក្នុងគោលដៅកែលម្អការធ្វើពាណិជ្ជកម្ម និងបរិយាកាសអាជីវកម្មរបស់ឡាវ ។
ការផ្តល់ហិរញ្ញប្បទានបន្ថែមជាផ្លូវការនេះ ធ្វើឡើងនៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងទីក្រុងវៀងចន្ទន៍ ។
ជំនួយឥតសំណងនេះត្រូវបានផ្តល់ហិរញ្ញប្បទានបន្ថែមពីប្រទេសអូស្ត្រាលី តាមរយៈការជឿទុកចិត្តពីបណ្តាម្ចាស់ជំនួយដែលបានឧបត្ថម្ភថវិកាដំបូង១៤លានដុល្លារ និងវិភាគទានពីរដ្ឋាភិបាលអូស្ត្រាលី អៀរឡង់ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាល្លឺម៉ង់ និងធនាគារពិភពលោក ។
កម្មវិធី TDF II កំពុងអនុវត្តដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងគោលដៅគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល តាមរយៈការធ្វើកំណែទម្រង់បន្ថែមទៀតដើម្បីអភិវឌ្ឍន៍បរិស្ថានបទប្បញ្ញត្តិងាយស្រួលសម្រាប់អាជីវកម្ម ។
កម្មវិធី TDF II មានប្រសិទ្ធភាពចាប់តាំងពីខែមេសា ឆ្នាំ២០១៣ ខណៈកម្មវិធី TDF ដំបូងទទួលបានជោគជ័យ ដែលមានសកម្មភាពពីខែសីហា ឆ្នាំ២០០៨ ដល់ខែមីនា ឆ្នាំ២០១៣។ ជំនួយឧបត្ថម្ភថ្មីនេះនឹងបង្កើនរយៈពេលគម្រោងលើកទី២ រហូតដល់ខែកញ្ញា ឆ្នាំ២០១៨ ។
រហូតមកដល់បច្ចុប្បន្ន កម្មវិធី TDF II បានជួយកែលម្អបរិស្ថានបទប្បញ្ញត្តិដែលគ្រប់គ្រងចលនាទំនិញ និងវិស័យសេវាកម្មដែលត្រូវបានគេជ្រើសរើស ឧទាហរណ៍ ពាណិជ្ជកម្ម ទូរគមនាគមន៍ និងកសិកម្ម ។
វាក៏បានគាំទ្រក្រុមហ៊ុនឯកជនជាង២០០ ឱ្យប្រកួតប្រជែងកាន់តែច្រើន តាមរយៈកម្មវិធីជួយអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូល និងផ្ដល់ការងារផងដែរ ។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Somchith Inthamith ថ្លែងថា ៖ « គោលបំណងសំខាន់នៃកម្មវិធី TDF II គឺផ្តោតលើគោលនយោបាយពាណិជ្ជកម្ម ការសម្រួលពាណិជ្ជកម្ម ការប្រកួតប្រជែង និងពិពិធកម្ម » ។
ជំនួយបន្ថែមនេះនឹងជួយគាំទ្ររដ្ឋាភិបាល សម្រាប់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើកទី៨ ដែលជាអាទិភាពបន្តកំណើនសេដ្ឋកិច្ចដ៏រឹងមាំ បង្កើនផលិតភាព ព្រមទាំងបង្កើនការធ្វើសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ ។
នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសឡាវ លោក Sally L Burningham ឱ្យដឹងថា ការពង្រឹងពាណិជ្ជកម្ម និងបរិស្ថានអាជីវកម្មសម្រាប់វិស័យឯកជន គឺជាគន្លឹះធ្វើឲ្យកំណើនសេដ្ឋកិច្ចរយៈពេលវែងមាននិរន្តរភាពក្នុងប្រទេសឡាវ ។
ធនាគារពិភពលោករីករាយបន្តគាំទ្រការអនុវត្ដកម្មវិធី TDF II ដែលនឹងជួយបង្កើតការងារកាន់តែច្រើន និងល្អប្រសើរសម្រាប់ប្រជាជននៅទូទាំងប្រទេស ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ លោក John Williams ថ្លែងថា ៖ « ឡាវត្រូវធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនលូតលាស់ប្រកបដោយចីរភាព និងផ្តល់ភាពងាយស្រួលលើការធ្វើពាណិជ្ជកម្ម ហើយរដ្ឋាភិបាលត្រូវកែលម្អបរិស្ថានពាណិជ្ជកម្ម និងបរិយាកាសអាជីវកម្ម » ៕
ចែករំលែកព័តមាននេះ