ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី២៤ កុម្ភៈ នេះ ក្រុមអាជីវករដែលនាំត្រីទៅលក់នៅផ្សាររុងក្លឿ និងក្រុមកម្មករអូសរទេះ បានធ្វើការតវ៉ាសាជាថ្មី ដោយពួកគេនាំគ្នាយករទេះត្រីលើកដាក់គ្នាបិទស្ពានព្រំដែនមិត្តភាព ព្រោះតែភាគីថៃ មិនមានការយោគយល់ ហើយនៅតែទាមទារតម្លៃ១ខេង (១២០០បាត) ទើបពួកគាត់ផ្ទុះតវ៉ាសាជាថ្មីយ៉ាងដូច្នេះ ។
ពួកគាត់បន្តថា យោងជំនួបចរចាកាលពីថ្ងៃទី២៣ កុម្ភៈ នោះ ភាគីថៃនិយាយថា គេយក១ខេង ១២០០បាត សម្រាប់ពីថ្ងៃនេះ ដល់ទី០១ មីនា គេនឹងចាប់ផ្តើមថ្លឹងគិតប្រាក់១គីឡូក្រាម បង់ភាស៊ី១២បាត ។
មានអាជីវករម្ចាស់ត្រី៦នាក់ បានឯកភាពគ្នាអនុញ្ញាតឱ្យសមត្ថកិច្ចច្រកទ្វារជួបចរចាជំនួសជាមួយភាគីថៃ ដោយនិយាយថា ព្រមបង់ត្រឹមតម្លៃ៥០០បាត ក្នុង១ខេង មានន័យថា លើសតម្លៃពីមុន តែបើលើសពី៥០០បាត ពួកគាត់មិនឯកភាពទេ សុខចិត្តនាំគ្នាធ្វើបាតុកម្មបិទស្ពានព្រំដែនរហូតមានដំណោះស្រាយ ។
ទោះបីជាយ៉ាងណា ខណៈនេះ គេឃើញអាជ្ញាធរក្រុងប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននិងកំពុងដឹកនាំអាជីវករម្ចាស់ត្រីចូលទៅជួបចរចាជាមួយភាគីថៃហើយ តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ ។
គួររំលឹកថា កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២៣ កុម្ភៈ ម្សិលមិញ ក្រុមអាជីវករខាងលើ បានរំសាយការតវ៉ាដោយឱ្យភាគីថៃបញ្ចុះតម្លៃភាស៊ីហើយ បន្ទាប់ពីភាគីថៃឯកភាពយកតម្លៃដើម១ជើង ឬ១ខេង ៣០០បាតដូចមុន ។ ហើយចាប់ពីថ្ងៃទី២៤ កុម្ភៈ ១ជើង ឬ១ខេង១២០០បាត មិនដឹងថា នឹងមានបញ្ហាទៀត ឬយ៉ាងណានោះទេ ។ ចំពោះត្រីដែលក្រុមអាជីវករចាក់ពេញលើស្ពានព្រំដែន៥ខេង ត្រូវបានម្ចាស់ត្រីអនុញ្ញាតឱ្យអ្នកស្រុកចាប់យកទៅហូបដោយសេរី ។
ចែករំលែកព័តមាននេះ