រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបករណីគ្រឿងញៀន គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ កុម្ភៈ គឺបង្ក្រាបបាន៦០ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន១៣៩នាក់ (ស្រី១៧នាក់) ។ នេះបើយោងតាមរបាយការណ៍របស់លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ កុម្ភៈ ស្ថិតក្រោមវត្តមានរបស់លោកប៉ា សុជាតិវង្ស អភិបាលរាជធានភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ទន្ទឹមនោះផងដែរ លោកក៏បានលើកឡើងទៀតថា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ មករា កន្លងមក បង្ក្រាបគ្រឿងញៀនបានចំនួន២៨៧ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៧២៩នាក់ (ស្រី១០១នាក់) មកហើយ ។
នេះជាលទ្ធផលដ៏ល្អប្រសើរមួយ ក្រោយពីសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឱ្យធ្វើការបង្ក្រាបករណីគ្រឿងញៀន ឱ្យបានដល់ទីបំផុត។
ចែករំលែកព័តមាននេះ