ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចតាមខណ្ឌ-ស្រុក មេត្តាជួយសម្រួលរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់មុខផ្សារដូចជាផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ ផ្សារគគីរ ផ្សារជ្រោយដង ផ្សារគគីរធំ ស្រុកកៀនស្វាយ តំបន់គល់ស្ពានអ្នកលឿងត្រើយខាងលិច ស្រុកលើកដែក ខេត្តកណ្តាល និងគល់ស្ពានត្រើយខាងកើត ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការចតកង់-ម៉ូតូ-រថយន្តគ្រប់ប្រភេទ និងការដាក់លក់ទំនិញបន្លែផ្លែឈើត្រីសាច់គ្រប់មុខហៀរមកលើចិញ្ចើមថ្នល់យ៉ាងអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ បង្កការលំបាកដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។
អ្នកធ្វើដំណើរមានការព្រួយបារម្ភចំពោះការកើតឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ប្រជាពលរដ្ឋបានលើកឡើងថា តាមតំបន់មុខផ្សារក្នុងខណ្ឌ-ស្រុកខាងលើនេះ មិនថាពេលមានបុណ្យទាន ឬថ្ងៃធម្មតានោះទេ ទាំងព្រឹកទាំងល្ងាចពេលដែលពួកគាត់ធ្វើដំណើរដល់ចំណុចនោះគឺធុញទ្រាន់នឹងការកកស្ទះចរាចរណ៍ជារៀងរាល់ឆ្នាំ ដោយសារតែអាជ្ញាធរសមត្ថកិច្ចខណ្ឌ ស្រុកនេះ បណ្តែតបណ្តោយឲ្យអាជីវករដាក់តាំងលក់ហៀរមកលើថ្នល់ហើយមានការឈប់ចតរុឺម៉កម៉ូតូ-រថយន្តតូចធំបន្ថែមមួយត្រួតទៀត ពាសពេញដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដោយគ្មានចំណាត់ការណាមួយឲ្យមានប្រសិទ្ធភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ។
ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់ខាងលើនេះដែរក៏មានមន្ត្រីសមត្ថកិច្ចខ្លះនិយាយថា ការរៀបចំសណ្តាប់ធ្នាប់ គឺសមត្ថកិច្ចតែងតែធ្វើជាប្រចាំ ប៉ុន្តែទាំងអ្នកលក់ដូរ និងការឈប់ចតរុឺម៉កម៉ូតូរថយន្តទាំងនោះមិនស្តាប់ ហើយចំពោះផលប្រយោជន៍សមត្ថកិច្ចក៏មិនដែលទទួលបានដែរ ។
ទោះជាយ៉ាងណា ពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតចូលមកដល់ហើយ មហាជនអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ទៅលេងស្រុកកំណើតជួបជំុបងប្អូនថ្ងៃភ្ជុំបិណ្ឌនេះ សូមសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចនៅតាមគោលដៅខណ្ឌ-ស្រុក មេត្តាជួយរៀបចំសណ្តាប់ធ្នាប់ត្រង់ចំណុចខាងលើឲ្យមានប្រសិទ្ធភាពផង ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ជាពិសេសបញ្ចៀសនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ ៕
ចែករំលែកព័តមាននេះ