រាជធានីភ្នំពេញ ៖ មានការកកស្ទះចរាចរណ៍ជិត១ម៉ោងនៅចំណុចស្តុបអាងទឹកអូឡាំពិក ហើយនៅពេលដែលដឹងពីមូលហេតុដែលនាំឲ្យស្ទះចរាចរណ៍នេះម្នាក់ៗមានការហួសចិត្តគ្រប់ៗគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចភ្លើងស្តុបអាងទឹក ផ្លូវព្រះមុនីរ៉េត កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកមីតស៊ុយប៊ីស៊ី ពណ៌សំបកកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២G-២០៣៦ មួយគ្រឿងជិះគ្នា២នាក់ឪពុកនិងកូនប្រុស បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុនីរ៉េត លុះមកដល់ចំណុចកើតហេតុខាងលើដែលមានស្ថានភាពផ្លូវចង្អៀត និងជិតដល់ភ្លើងស្តុប រថយន្តនោះក៏បានបង្អង់ល្បឿន និងរេចង្កូតចុះឡើង មិនដឹងជាចង់បត់ទៅទិសខាងណាឡើយក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ២.២-២២១២ មួយគ្រឿង ដែលបើកដោយបុរសម្នាក់ ព្រមទាំងមានលោកឧត្តមសេនីយ៍យោធាម្នាក់នៅខាងក្រោយផងនោះបានបុកជាប់កាងពីក្រោយតែម្តង ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកដែលឈរនៅគោលដៅនោះ និងកម្លាំងនគរបាលមូលដ្ឋានក៏បានចុះទៅធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅដាក់លើចិញ្ចើមផ្លូវដើម្បីធ្វើការដោះស្រាយគ្នា និងបង្កាកុំឱ្យមានការកកស្ទះចរាចរណ៍ផងដែរ តែត្រូវភាគីទាំង២មិនយល់ស្រប និងនិយាយយកត្រូវរៀងៗខ្លួន ដោយភាគីខាងរថយន្តឡង់គ្រីស្ស័រឡើងថា «ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្តមីតស៊ុយប៊ីស៊ីជាអ្នកខុស ដោយបានបើកមកវ៉ា និងបត់មកគៀររថយន្តរបស់គាត់» ចំណែកឯភាគីម្ខាងទៀតបានអះអាងថា «ខណៈពេលដែលផ្លូវមានស្ថានភាពចង្អៀតនោះ រថយ្តរបស់គាត់បានបើកយឺតៗ ក៏ស្រាប់តែរថយន្តឡង់គ្រីស័រនោះបើកមកពីក្រោយស៊ីផ្លេជាច្រើនដង និងបុករថយន្តគាត់ពីក្រោយតែម្តង» ។
ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទាំង២គ្រឿងបុកគ្នា ក៏បង្កឲ្យមានការកកស្ទះចរចរណ៍ជិតមួយម៉ោងផងដែរ ទម្រាំតែកម្លាំងមានសម្ថកិច្ចអាចឲ្យបើករថយន្តទាំង២គ្រឿងទៅចតលើចិញ្ចើមផ្លូវ និងព្យាយាមនិយាយសម្របសម្រួលគ្នារហូតទៅដល់ភាគីខាងរថយន្តមីតស៊ុយប៊ីស៊ីយល់ព្រមយករថយន្តម៉ាកឡង់គ្រីស្ស័រទៅធ្វើការជួសជុលកាងខាងមុខឲ្យដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ