រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវគេសង្ស័យថា ទើបចេះបើករថយន្ត បានបើកយ៉ាងលឿនក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឱ្យម៉ូតូខ្ទេចទាំងស្រុង សំណាងល្អអ្នកជិះម៉ូតូរងរបួសស្រាល ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ សីហា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់
ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណទេ មានអាយុប្រមាណ៥០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខម1527ភព1 រងរបួសស្រាល តែម៉ូតូខូចទាំងស្រុង ។ ចំណែកអ្នកបើករថយន្តឈ្មោះសេង រ៉ហ្វាត ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅស្រុកពញ្ញាឮ ខេត្តកណ្តាល បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-1473 ព្រមទាំងដឹកស្ត្រី២នាក់ (ជាបងប្អូន) ។
តាមសាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ។ ចំណែករថយន្តបើកពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ត្រូវរថយន្តមានល្បឿនលឿនផងស្លន់រេចង្កូតទៅបុកម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ បណ្តាលឱ្យមនុស្សរងរបួស ។
បើតាមសំដីអ្នកបើកវិញថា រូបគេកំពុងតែបើករថយន្តសុខៗ ស្រាប់តែម៉ូតូរងគ្រោះជិះលឿនរេមកចូលរថយន្តគាត់ បណ្តាលឱ្យរថយន្តរបស់គេ បែកកង់ខាងស្តាំផ្នែកខាងមុខ ។ រីឯម្តាយជនរងគ្រោះបានបន្ថែមថា រឿងនេះកើតឡើង ដោយសារតែគាត់ចង់ឱ្យកូនៗ មកគេងជាមួយនៅឯភ្នំពេញ ទើបកូនគាត់បើករថយន្តមកទាំងយប់ ហើយជួបគ្រោះថ្នាក់បែបនេះ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ មិនព្រមឡើងរថយន្តសង្គ្រោះទេ ដោយប្រាប់ថា គ្មានលុយកាក់សំរាប់ឱ្យថ្លៃពេទ្យទេ ។ ទាល់តែសមត្ថកិច្ចពន្យល់ និងធ្វើការណែនាំឱ្យគិតសុវត្ថភាពជាចម្បង រឿងលុយកាក់ជារឿងក្រោយ ណាមួយរថយន្តបង្កឃាត់ទុកបានហើយ ដូច្នេះរឿងថ្លៃពេទ្យមិនបាច់បារម្ភទេ ទើបជនរងគ្រោះព្រមឡើងរថយន្តទៅព្យាបាលនៅមន្ទីពេទ្យ ។
រីឯអ្នកបើករថយន្តបង្ក ក្រោយពេលកើតហេតុ ភ័យស្លន់ស្លោបានទូរស័ព្ទហៅម្តាយមកជួយអន្តរាគមន៍ ហើយសមត្ថកិច្ចប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ សូមឱ្យម្តាយរបស់អ្នកបើករថយន្តទៅចរចាជាមួយជនរងគ្រោះ ដើម្បីបញ្ចប់រឿង ។ ចំណែករថយន្តត្រូវបានកំលាំងជំនាញធ្វើការវាស់វែង និងស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំការដោះស្រាយ ។
ចែករំលែកព័តមាននេះ