ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​​កាត់​ទោស​​ឃាតក​ប្លន់​​សម្លា.ប់​​ផ្តាច់​ពូជ​​បុប្ផា​កំពូល​ភ្នំ ២​នាក់​ជាប់​​ពន្ធនា​គារ​​អស់​​មួយ​​ជីវិត ​និង​​អ្នក​​​សម​​គំនិត​​ម្នាក់​​១៥ឆ្នាំ​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ សាលា​ដំបូង​ខេត្ត​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​ទោស​បក្ស​ពួក​ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​ដែល​បាន​សម្លា.ប់​មនុស្ស​អស់​៣​នាក់ ជា​ម្ចាស់​ផ្ទះ​លក់​បាយ​ កាហ្វេ​យីហោ​បុប្ផា​កំពូល​ភ្នំ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​តាខ្មៅ ក្រុង​តា​ខ្មៅ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១០

ខេត្ត​កណ្តាល ៖ សាលា​ដំបូង​ខេត្ត​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​ទោស​បក្ស​ពួក​ចោរ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​ដែល​បាន​សម្លាប់​មនុស្ស​អស់​៣​នាក់ ជា​ម្ចាស់​ផ្ទះ​លក់​បាយ​ កាហ្វេ​យីហោ​បុប្ផា​កំពូល​ភ្នំ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​តាខ្មៅ ក្រុង​តា​ខ្មៅ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១០។

​សាលា​ដំបូង​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​មេឃាតក​ដៃ​ឆើត​ឈ្មោះ​សុខ សេង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្រុក​កំណើត​​នៅ​ភូមិ​គោក​ដង្កោ ឃុំ​ពេជ្រ​មុនី ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ មក​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ និង​​ឈ្មោះ​ប៊ុន វុត្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​រកា​ធំ ឃុំ​ផុង ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ជាប់​ពន្ធនា​គារ​ម្នាក់​ៗ​អស់​មួយ​ជីវិត ដោយ​ចោទ​ប្រកាប់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន ដែល​ជន​២​នាក់​នេះ​ជា​ជន​ដៃ​ដល់​សម្លាប់​មនុស្ស​៣​នាក់។ ចំណែក​ជន​ម្នាក់​ទៀត​ឈ្មោះ​តន់ សារុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ជាប់​ពន្ធនា​គារ​១៥​ឆ្នាំ។ ជន​នេះ​ជា​​អ្នក​ជួល​អាវុធ​ឱ្យ​យក​មក​ប្រើ​ប្រាស់​ធ្វើ​សកម្ម​ភាព​ប្លន់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​សម​គំនិត​ក្នុង​អំពើ​ប្លន់។

ការ​ប្រកាស​សាល​ក្រម​នេះ​​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​៣​នាក់ និង​មេធាវី​ការ​ពារ​ក្តី​របស់​ជន​ជាប់​ចោទ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដែល​មាន​លោក​ស៊ិន វីរៈ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​កេង សុម៉ា​រិទ្ធ ចៅ​ក្រម​ប្រឹក្សា និង​លោក​វង្ស ប៊ុន​វិសុទ្ធ ជា​ព្រះ​រាជ​អាជ្ញា​តំណាង​អយ្យ​ការ បន្ទាប់​ពី​ធ្វើ​ការ​ជម្រះ​រឿង​ក្តី​នេះ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ ហើយ​តុលា​ការ​​បាន​ធ្វើ​ការ​សាក​សួរ​យ៉ាង​លម្អិត​ និង​រក​ឃើញ​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស និង​សាក្សី​ជា​ច្រើន​មក​បំភ្លឺ ហើយ​ជន​ជាប់​ចោទ​​ក៏​បាន​សារ​ភាព​ពី​ទង្វើ​របស់​ខ្លួន​រួច​រាល់​ផង​ដែរ។ ជន​ជាប់​ចោទ​ទាំង​៣​នាក់​ ត្រូវ​បាន​ប៉ូលិស​ខេត្ត​កណ្តាល​ សហ​ការ​ជា​មួយ​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ និង​ប៉ូលិស​រាជ​ធានី​ភ្នំពេញ ​ចាប់​ខ្លួន​ជា​បន្ត​បន្តាប់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

គួរ​រំលឹក​​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១០ មាន​ករណី​ប្លន់​សម្លាប់​មួយ​បាន​កើត​ឡើង​ គឺ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ដោយ​ជន​សង្ស័យ​បាន​បាញ់​សម្លាប់​មនុស្ស​៣​នាក់​នៅ​ក្នុង​ផ្ទះ​លក់​បាយ​-កាហ្វេ​មួយ​កន្លែង​យីហោ បុប្ផា​កំពូល​ភ្នំ នៅ​ខាង​លិច​ជាប់​រង្វង់​មូល​តាខ្មៅ ក្រុង​តាខ្មៅ។ ​ជន​រង​គ្រោះ​​ជា​ម្ចាស់​​​ផ្ទះ​ឈ្មោះ​សុខ គឺ​ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ និង​​​កូន​ស្រី​ឈ្មោះ​តេង មួយគា អាយុ​២៣​ឆ្នាំ ព្រម​ទាំង​អ្នក​បម្រើ​​ម្នាក់​ទៀត​ឈ្មោះ​ប៉ាច ស្រីនី អាយុ​១៧​ឆ្នាំ ​ទាំង​៣​នាក់​ ត្រូវ​ជន​ជាប់​ចោទ​បាញ់​ចំ​ក្បាល​ម្នាក់​១​គ្រាប់​ស្លាប់​ក្នុង​បន្ទប់​តែ​មួយ​យ៉ាង​អាណោច​អាធ័ម។ លុះ​​ព្រឹក​​ឡើង​ថ្ងៃ​​ទី​៩ ខែ​តុលា ទើប​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​ករណី​ឃាត​កម្ម​នេះ ខណៈ​សាច់​ញាតិ​ជន​រង​គ្រោះ​ទៅ​បើក​ទ្វារ​​ហៅ។

គួរ​បញ្ជាក់​ផង​ដែរថា ​សាលា​ដំបូង​ខេត្ត​កណ្តាល​កាត់​ទោស​ឈ្មោះ​សុខ សេង ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​នេះ គឺ​កាត់​ទោស​តែ​បទ​ល្មើស​បាន​ប្រព្រឹត្ត​នៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ​​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​តាម​ចម្លើយ​សារ​​ភាព​របស់​ឈ្មោះ​សុខ សេង ថា បាន​ប្លន់​សម្លាប់​មនុស្ស​៣​នាក់​​នៅ​ភូមិ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ​ ហើយ​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​កាត់​ទោស​ដែរ​នោះ គឺ​ឈ្មោះ​សុខ សេង ជា​មេ​ឃាតក​ដៃ​ឆើត​នឹង​អាច​ជាប់​ពន្ធនា​គារ​​​អស់​មួយ​ជីវិត​​ថែម​មួយ​​ជាន់​ទៀត​៕