AFP កាលពីថ្ងៃទី៨ មិថុនា ២០១៦ បានផ្សាយយោងតាមសម្តីរបស់ប៉ូលិសប៉ាគីស្ថានឱ្យដឹងថា ក្រុងឡាហ៊័រ កើតមានរឿងរន្ធត់មួយ គឺនារីម្នាក់ត្រូវម្តាយដុតទាំងរស់ ព្រោះតែជ្រើសរើសបុរសរៀបការដោយចិត្តឯង ហើយបដិសេធការរៀបចំរបស់ក្រុមគ្រួសារ ។
លោកហៃដា អាសរ៉ាហ្វ ប៉ូលិសប៉ាគីស្ថាន បញ្ជាក់ថា នៅវេលាព្រឹកថ្ងៃទី៨ មិថុនា នាង Zeenat Bibi អាយុ១៦ឆ្នាំ ត្រូវស្ត្រីជាម្តាយឈ្មោះ Perveen Bibi ដុតទាំងរស់ បន្ទាប់ពី១សប្តាហ៍ដែលពីនាងរៀបការជាមួយ Hasan នាថ្ងៃទី២៩ ឧសភា ។
ស្ត្រីឈ្មោះ Perveen និងសមាជិកគ្រួសារ បានសារភាពពីការបង្កបទឧក្រិដ្ឋនោះ ខណៈសមត្ថកិច្ចរឹបអូសបានភស្តុតាង គឺប្រេងសាំងសម្រាប់ការដាក់ដុតសម្លាប់នៅកន្លែងកើតហេតុ។
ប្តីរបស់នាង Zeenat ផ្តល់បទសម្ភាសន៍តាម «Geo News» ថា ពួកគេបានរត់តាមគ្នា និងបានរៀបការនឹងគ្នា ។ រយៈពេល៤ថ្ងៃក្រោយមក ក្រុមគ្រួសាររបស់នាង Zeenat បានទាក់ទងហៅនាងត្រលប់ទៅវិញ ដោយសន្យាថា នឹងរៀបការឱ្យនាងស្របតាមទំនៀមទម្លាប់ ព្រមទាំងអនុញ្ញាតឱ្យរស់នៅក្នុងក្រុមគ្រួសារវិញ ។ ពីដំបូងនាង Zeenat មិនចង់ត្រឡប់ទៅវិញទេ ព្រោះខ្លាចឪពុកម្តាយធ្វើបាប ឬសម្លាប់ ប៉ុន្តែឪពុកធំរបស់នាងបានសន្យាចំពោះសុវត្ថិភាពទើបនាងសុខចិត្តត្រឡប់ទៅផ្ទះវិញ ។
លោក Hasan ជាប្តីឱ្យដឹងថា «ក្នុងរយៈពេល២ថ្ងៃក្រោយ នាងបានទូរស័ព្ទមករកខ្ញុំដោយប្រាប់ថា សមាជិកក្នុងគ្រួសារបានក្រឡាស់ពាក្យសម្តី និងឱ្យខ្ញុំទៅទទួលនាងវិញ។ ខ្ញុំប្រាប់ឱ្យនាងរង់ចាំរហូតដល់ថ្ងៃទី៨ មិថុនា ប៉ុន្តែមិននឹកស្មានដល់នាងត្រូវគេសម្លាប់បាត់ទៅហើយ» ។
ការសម្លាប់ដោយសមាជិកគ្រួសារបែបនោះ ត្រូវបានគេហៅថា «សម្លាប់ដើម្បីកិត្តិយសគ្រួសារ» ។ វាតែងតែកើតឡើងជាញឹកញាប់នៅប៉ាគីស្ថាន ដោយក្នុងមួយឆ្នាំមានស្ត្រីជាច្រើននាក់ត្រូវក្រុមគ្រួសារសម្លាប់ដើម្បីរក្សាកិត្តិយសរបស់ក្រុមគ្រួសារ ៕
ចែករំលែកព័តមាននេះ