សោកនាដកម្ម
ស្ថាប័នអធិការកិច្ចបឋមសិក្សាបញ្ជូនមន្ត្រីឈ្មោះវិនសុន ភីថឺ ឱ្យចុះត្រួតពិនិត្យការបង្រៀន និងការរៀនសូត្ររបស់សិស្សនៅតាមសាលាបឋមសិក្សា ។ ពេលមកដល់សាលាបឋមសិក្សានៅចុងកាត់មាត់ញក លោកវិនសុន ភីថឺ ជ្រើសរើសយកថ្នាក់ដំបូងមួយសម្រាប់ធ្វើការសាកល្បងសមត្ថភាពសិស្ស ។ គាត់សួរខ្លាំងៗ ៖
-ចំណោមក្មួយៗរាល់គ្នា មានក្មួយណាអាចឱ្យឧទាហរណ៍អ្វីដែលល្មមចាត់ទុកជាសោកនាដកម្មបានទេ? ក្មួយណាក្លាហានក្រោកឆ្លើយមុនគេឱ្យលោកគ្រូស្គាល់មុខផង ។
កុមារម្នាក់ក្រោកភ្លែតសួរ ៖
-ឧទាហរណ៍របស់ខ្ញុំ គឺមិត្តខ្ញុំម្នាក់ពេលកំពុងលេងជាមួយខ្ញុំលើចិញ្ចើមថ្នល់ ស្រាប់តែមានរថយន្តមួយគ្រឿងភ្លាវចង្កូតឡើងមកកិនវាស្លាប់ តើនេះហៅថា សោកនាដកម្មបានទេ?
-មិនបានទេ នេះគេហៅឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ។
កុមារទីពីរក្រោកឡើងទៀត ៖
-ចុះប្រសិនបើរថយន្តបឺសមួយគ្រឿងដឹកសិស្សតូចៗ៥០នាក់ ទៅកម្សាន្តទេសភាពតាមជនបទ ស្រាប់តែរអិលធ្លាក់ជ្រោះជ្រៅ សិស្សតូចៗស្លាប់អស់គ្មានសល់ម្នាក់ ។ តើនេះហៅថា សោកនាដកម្មទេ?
-មិនដូចគ្នាទេ នេះគេហៅការបាត់បង់ជីវិតដ៏ធំ ។
ក្នុងថ្នាក់ស្ងាត់ច្រៀប បន្ទាប់ពីឧទាហរណ៍ដែលលើកឡើងត្រូវបានបដិសេធជាបន្តបន្ទាប់។ ឃើញដូច្នេះលោកមន្ត្រីអធិការកិច្ចបឋមសិក្សាសួរបន្ត ៖
-ម៉េចដែរ មានក្មួយណាអាចនិយាយបានពីឧទាហរណ៍សោកនាដកម្មទេ?
ចុងក្រោយមានដៃស្គមតូចមួយលើកឡើងរបៀបស្ទាក់ស្ទើរញញើតញញើមគឺជាកុមារតូចម្នាក់អង្គុយចុងថ្នាក់ក្រោកឡើងនិយាយ ៖
-ឧទាហរណ៍របស់ខ្ញុំ គឺថ្ងៃមួយយន្តហោះផ្លូវឆ្ងាយមួយគ្រឿងដែលមានលោកអធិការវិនសុន ភីថឺ ជិះក្នុងនោះផង ត្រូវពួកភេរវករដាក់គ្រាប់បែក បណ្តាលឱ្យផ្ទុះឆេះកណ្តាលអាកាស តើនេះហៅថា សោកនាដកម្មបានទេ?
-អស្ចារ្យ! នេះទើបពិតជាសោកនាដកម្មមែន។ ប៉ុន្តែក្មួយឯងត្រូវបកស្រាយឱ្យគ្រូស្តាប់ តើហេតុម៉េចនឹកឃើញពីដំបូងថា នេះជាសោកនាដកម្ម?
-បាទ! ព្រោះខ្ញុំគិតថា វាមិនមែនជាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ហើយក៏មិនមែន… មិនមែនជាការបាត់បង់ជីវិតនរណាមួយ វាជាឧទាហរណ៍ដែលមានពាក់ព័ន្ធដល់ជីវិតលោកគ្រូជាង រឿងអីលោកគ្រូមិនចាត់ទុកជាសោកនាដកម្ម?
អាលែហ្ស៊ីសំឡេង
ប៉ូលិសស្ទាក់រថយន្តតូចមួយគ្រឿងដែលនៅតែឆ្លងផ្លូវពេលភ្លើងក្រហម ។ អ្នកបើកបរចេញមកបកស្រាយ ៈ
-មិនមែនខ្ញុំបើកបរបំពានច្បាប់ទេ តែនេះមកពីរថយន្តខ្ញុំអាលែហ្ស៊ីសំឡេង ។
-ស្អី? អាលែហ្ស៊ីសំឡេងយ៉ាងម៉េច?
-ចុះអម្បាញ់មិញលោកមានឮសូរគ្រាំងទេ?
-ថីមិនឮ ។ ចុះវាយ៉ាងម៉េច?
-គឺសំឡេងនោះហើយដែលធ្វើឱ្យរថយន្តខ្ញុំកើតជំងឺអាលែហ្ស៊ីភ្លាមៗ ព្រោះរថយន្តដឹកទឹកកកបុកគូទវាយ៉ាងខ្លាំង ។ សូមលោកប៉ូលិសពិនិត្យមើលគូទវាផងទៅ ខ្ទេចអស់ហើយ ៕
ល្បិចខូចរបស់ទន្សាយ
ថ្ងៃមួយមេឃស្រឡះល្អ ទន្សាយបបួលមេរមាំង ៖
-បងស្រីៗ! ថ្ងៃនេះមេឃស្រឡះល្អណាស់ បងស្រីរត់លេងជាមួយខ្ញុំមួយជុំមើលទេសភាពផង សម្រកខ្លាញ់ពោះផង បានទេ?
រមាំងញីយល់ព្រមភ្លាម ។ ពួកគេទាំងពីររត់ត្រឹកៗបានប្រហែល១០០ម៉ែត្រ ក្រឡេកឃើញជ្រូកព្រៃពីរក្បាលកំពុងសំឡក់សំឡឹងគ្នាប្រុងកើតសង្គ្រាមប្រយុទ្ធគ្នា ឃើញដូច្នេះទន្សាយចូលទៅឃាត់ ៖
-បងប្រុសទាំងពីរធ្វើអីហ្នឹង មេឃស្រឡះល្អយ៉ាងនេះ គួរណាស់បានទទួលភាពរីករាយ ហេតុម៉េចចង់បង្ហូរឈាមគ្នាទៅវិញ? ឈប់ឈ្លោះគ្នាទៅ ហើយរត់លេងលំហែកាយជាមួយពួកខ្ញុំប្រសើរជាង ។
ឮដូច្នេះ ជ្រូកព្រៃទាំងពីរក្បាលឈប់ឈ្លោះគ្នា ហើយងាកមករត់លេងជាមួយទន្សាយ និងរមាំងដែរ ។ បានមួយសន្ទុះឃើញតោមួយក្បាលកំពុងហាត់ក្បាច់គុនសង្គ្រប់ចំណី ទន្សាយបបួលទៀតៈ
-បងតោៗ! ហេតុម៉េចមួយថ្ងៃៗបងឯងគិតឃើញតែអំពើហិង្សាអីុចឹង? មករត់លេងហាត់ប្រាណជាមួយពួកខ្ញុំមួយជុំទៅ កុំឱ្យតប់ប្រមល់ពេក ។
ដឹងអីតោអត់មាត់ក ស្ទុះមកចាប់ទន្សាយគ្រវែងទៅម្ខាងធ្វើឱ្យទន្សាយរមៀលពីរបីត្រឡប់ ។ ឃើញដូច្នេះរមាំង និងជ្រូកព្រៃសម្តែងការមិនពេញចិត្ត ៖
-នែ លោកប្អូនទន្សាយមានបំណងល្អតើហេតុអីបងតោឯងធ្វើអ៊ីចឹង?
តោបើកភ្នែកធំៗឆ្លើយវិញ ៖
-អ្នករាល់គ្នាគ្មានដឹងខ្យល់អីទេ នាំគ្នាចាញ់បោកទន្សាយកំហូចហើយនៅមិនដឹងខ្លួនទៀត។ នេះមិនមែនជាលើកដំបូងសម្រាប់ខ្ញុំឯណា ។ ឱ្យតែលើកណាស៊ីអ្វីទាស់ចំណីពោះកូរខ្លាំង វាតែងបបួលគេឯងរត់ហាត់ប្រាណលេង តែតាមពិតហៅគេឱ្យជូនទៅកន្លែងបត់ជើងនៅដើមព្រៃខាងនោះ ដឹងហើយនៅ?
សុំតែលុយសម្រាប់ហូបបាយ
នៅក្នុងបនល្បែងស៊ីសងមួយ បុរសយ៉ាប់យ៉ឺនម្នាក់ចូលសុំលុយបុរសដែលឈ្នះល្បែងកំពុងអួតប្រាប់គេឯង ៖
-សូមលោកជួយសង្គ្រោះជីវិតខ្ញុំផង បីថ្ងៃហើយខ្ញុំអត់មានបាយមួយគ្រាប់ចូលពោះទេ ។ មានតែលោកម្នាក់ប៉ុណ្ណោះជាទីសង្ឃឹមរបស់ខ្ញុំ ។ បើលោកមិនជួយទេ ខ្ញុំមុខជាស្លាប់ក្នុងយប់នេះហើយ ។
បុរសឈ្នះល្បែងឆ្លើយវិញ ៖
-ត្រឹម១០ដុល្លារខ្ញុំអាចឱ្យអ្នកឯងសម្រាប់ហូបបាយបាន តែធ្វើម៉េចខ្ញុំដឹងថា អ្នកឯងមិនយកលុយនេះទៅហូបបាយ ហើយបែរជាយកទៅលេងល្បែងទៅវិញ?
-សូមលោកទុកចិត្តចុះ ខ្ញុំពិតជាសុំលុយសម្រាប់ហូបបាយមែន ព្រោះលុយសម្រាប់លេងល្បែងខ្ញុំមានគ្រប់គ្រាន់ហើយ ៕
សួរសុខទុក្ខស្ត្រីមេម៉ាយ
បុរសម្នាក់ទៅសួរសុខទុក្ខស្ត្រីមេម៉ាយស្គាល់គ្នា ដែលប្តីទើបតែស្លាប់ចោល ។ គាត់ចូលហាងលក់គ្រឿងអនុស្សាវរីយ៍រកមើលទិញកាដូអ្វីឱ្យស័ក្តិសមនឹងស្ត្រីមេម៉ាយកំពុងកើតទុក្ខ ។ អ្នកលក់ឃើញគាត់ចេះតែឈ្ងោកមើលអស់ពីមួយកន្លែងដល់មួយកន្លែងក៏សួរ ៖
-លោកចង់បានកាដូជូនអ្នកណា?
-ស្ត្រីមេម៉ាយម្នាក់កំពុងកើតទុក្ខព្រោះប្តីទើបតែស្លាប់ចោល។
-ម៉េចមិនប្រញាប់និយាយ? ខ្ញុំមានស្រោមអនាម័យពណ៌ខ្មៅត្រូវរឿងល្អណាស់ ៕
ដូចគ្នា និងខុសគ្នា
យុវជនពីរនាក់សួរគ្នា ៖
-ម៉ែ និងមិត្តស្រីដូចគ្នាត្រង់ណា?
-ត្រង់ថា ស្រីដូចគ្នាហ្នឹងណា។
-ចុះខុសគ្នា?
-គឺខុសគ្នាត្រង់ម៉ែឱ្យលុយយើងចាយ ចំណែកមិត្តស្រីបង្ហិនលុយយើង ៕
ទន់ខ្សោយបំផុត
បុរសម្នាក់សួរយុវជនម្នាក់ ៖
-ឮថាឯងមានមិត្តស្រីច្រើនណាស់ ប្រហែលយល់ដឹងពីរឿងស្រីៗច្រើនហើយមើលទៅ ។ ចាំឆ្លើយសំណួរមួយរបស់យើងណា ។ មនុស្សស្រី ទន់ខ្សោយបំផុតពេលណា?
យុវជននោះសើច ៖
-សំណួរបែបនេះ ទោះអ្នកមិនមានមិត្តស្រីច្រើនក៏អាចឆ្លើយរួច ។ ស្រីៗខ្សោយបំផុតពេលទើបលាបក្រចកដៃរួច ថ្នាំលាបមិនទាន់ស្ងួតស្រួលបួល ៕
អួត
យុវជនម្នាក់ចូលចិត្តអួតពីសមត្ថភាព ។ លើជញ្ជាំងផ្ទះរបស់យុវជននោះមានរូបគំនូរជាច្រើនដែលខ្លួនគេគូរ ដោយមានអក្សរបកស្រាយនៅខាងក្រោមរូបដូចតទៅ ៖
-ត្រីឆ្តោនេះទម្ងន់១២គីឡូក្រាម ម៉េវចាប់បាននៅទន្លេសាប ។
-ត្រីឆ្លាមនេះប្រវែង៣ម៉ែត្រ ម៉េវសម្លាប់វាបានពេលទៅលេងសមុទ្រកាលពីចុងឆ្នាំទៅ ហើយវាហក់ចូលប្រុងត្របាក់ម៉េវ ។
ក្រោយថ្ងៃរៀបការ ប្រពន្ធម៉េវយករូបថតប្តីព្យួរក្បែរត្រីទាំងនោះ ហើយសរសេរអក្សរខាងក្រោម ៖
-បុរសពូកែអួតឈ្មោះម៉េវ ខ្ញុំចាប់មករៀបការបាននៅចុងឆ្នាំ២០១០ ៕
បុរសសំគម និងកណ្តុរបង្កង់
បុរសម្នាក់មាឌល្អិតស្គមកំព្រឹងដើរចូលភេសជ្ជដ្ឋានមួយហៅទឹកដោះគោពងមាន់មួយកែវ ។ បន្ទាប់ពីក្រេបទឹកដោះគោមួយម៉ាត់ បុរសសំគមលូកយកកណ្តុរបង្កង់មួយក្បាលចេញពីហោប៉ៅរបស់ខ្លួន ដាក់វាឈរលើមាត់កែវឱ្យវាផឹកទឹកដោះគោនោះដែរ ។ ឃើញដូច្នេះជើងប៉ាវហាងមាឌធំដូចយក្សដើរមកច្រត់ចង្កេះនិយាយ ៖
-នែ ម៉េចធ្វើអ៊ីចឹង? កែវនេះសម្រាប់មនុស្សផឹក មិនមែនសម្រាប់កណ្តុរស្មោកគ្រោកផឹកទេ។ លោកឯងចេញពីហាងនេះឱ្យឆាប់ កុំមកឱ្យខ្ញុំឃើញមុខទៀត!
បុរសសំគមមាឌល្អិតដំឡើងសំឡេងតបវិញ ៖
-អាគាត់ឯងនេះស្អីដែរ? ចង់ត្រូវកំផ្លៀងបាក់ថ្គាមខានស៊ីបាយមែនទេ?
ពេលបុរសនោះនិយាយចប់ កណ្តុរបង្កង់ឈរពើងទ្រូងលើមាត់កែវស្រែកតាមក្រោយ ៖
-ពេលម្ចាស់ខ្ញុំទះលោកឯងបែកមាត់ខានស៊ីបាយ ខ្ញុំក៏មិនទុកឆ្មាឱ្យនៅផ្ទះឯងបានសុខដែរ ខ្ញុំនឹងទៅទះវាឱ្យបែកមាត់ទៀត៕
ចែករំលែកព័តមាននេះ