ខេត្តមណ្ឌលគិរី ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តមណ្ឌល
គិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការជាមួយអាជ្ញាធរក្រុង យុវជន និងអាជីវករ ដើម្បីរៀបចំសង្ក្រាន្ត និងដាក់តាំងពិព័ណ៌ផលិតផលនានាប្រចាំខេត្ត ដែលរៀបចំឡើងនៅវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ។
ឯកឧត្តមបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ។ ឯកឧត្តម ថង សាវុន អភិបាលខេត្តបានបញ្ជាក់ថា ខេត្តមណ្ឌលគិរីជាខេត្តមួយដែលអំណោយផលនូវអាកាសធាតុល្អបរិសុទ្ធ ហើយជាខេត្ត ដែលសក្តានុពលលើវិស័យទេសចរ ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិមកទស្សនាកំសាន្តឲ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តមបានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំកែលម្អសោភ័ណភាពនៅក្នុងក្រុង និងការរៀបចំសម្អាតអនាម័យនៅតាមដងផ្លូវ និងក្នុងផ្សារឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេស ត្រូវរៀបចំកម្លាំងការពារនៅតាមដងផ្លូវសំខាន់ៗ និងតាមរមណីយដ្ឋាននៅក្នុងខេត្តផងដែរ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តមណ្ឌលគិរី និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញតំបន់ឆ្នេរ និងតំបន់សៀមរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់មន្រ្តីជំនាញ អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលសាងសង់ផ្ទះ ឫសំយាប រំលោភលើចំណីផ្លូវ ឲ្យរុះរើស ចៀសវាង នៅពេលអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពួកគាត់។
ឯកឧត្តមបានជំរុញដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជាពិសេស បញ្ហាវិវាទដីធ្លី ឱ្យស្ថិតនៅក្រៅប្រព័ន្ធតុលាការ ។ ម្យ៉ាងទៀត ក៏សូមឲ្យមន្ត្រីនៃមន្ទីរអង្គភាព និងកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យមានលក្ខណៈល្អប្រសើរ ។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្រ្តីរាជការ និងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមក មានលក្ខណៈល្អប្រសើរ ។ ជាមួយគ្នានេះដែរ ក៏សូមឲ្យមន្រ្តីរាជការ និងសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ មានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ ។
ចែករំលែកព័តមាននេះ