កម្សាន្ត ៖ បន្ទាប់ពីប្រទេសចិន បានចេញបទបញ្ជា ដែលកំណត់មិនឲ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំ លេងហ្គេមអនឡាញ លើសពី ០៣ម៉ោងក្នុងមួយសប្តាហ៍រួចមក ក្រុមហ៊ុន Byte Dance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី TikTok ។
បើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ កញ្ញានេះ បានអោយដឹងថា នៅក្នុងការកំណត់ថ្មីនេះ អ្នកប្រើប្រាស់ណា ដែលបានបញ្ជាក់ថា ពួកគេមានអាយុក្រោម១៤ឆ្នាំ កម្មវិធីនឹងដាក់ការកំណត់មិនឲ្យពួកគេប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃឡើយ ។ ជាងនេះទៅទៀត កុមារនឹងមិនអាចប្រើកម្មវិធីចាប់ផ្ដើមពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក បានទេ ។
ការកំណត់ថ្មីនេះ គឺសម្រាប់តែអ្នកប្រើប្រាស់ណា ដែលបានផ្ដល់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ដូច្នេះក្រុមហ៊ុនបានស្នើសុំឲ្យអាណាព្យាបាល ធ្វើការចុះឈ្មោះកូនរបស់ពួកគេ ឲ្យបានត្រឹមត្រូវ ។
គួរបញ្ជាក់ផងដែរថា ការពីចុងខែសីហាកន្លងទៅ អាជ្ញាធរចិន បានចេញបទបញ្ជា ដែលកំណត់មិនឲ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេ អាចលេងហ្គេមបានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ ។ បទបញ្ជាថ្មីនេះ គឺដើម្បីការពារសុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្ត ពីភាពប៉ះពាល់ដោយសារតែការលេងហ្គេមអនឡាញច្រើនហួសហេតុពេក ៕
ចែករំលែកព័តមាននេះ