ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៥៖ ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ពលរដ្ឋ​ទូទៅ​ជិត ១៥​ម៉ឺន​នាក់ ​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន​ ជំនាញ​បច្ចេកទេស

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ពលរដ្ឋ​ទូទៅ​បាន​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) កើន​ដល់​ជិត ១៥​ម៉ឺន​នាក់…

រាជធានីភ្នំពេញ​ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ពលរដ្ឋ​ទូទៅ​បាន​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) កើន​ដល់​ជិត ១៥​ម៉ឺន​នាក់ ក្នុង​នោះ​អ្នកមាន​បណ្ណសម​ធម៌​មាន​ជាង ៦​ម៉ឺន​២​ពាន់​នាក់​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​នេះ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៥ នេះ មាន​សិស្ស​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET 1.5M) សរុប​កើន​ដល់ ១៤៨ ២៧២​នាក់ ក្នុង​នោះ​សិស្ស​មាន​បណ្ណ​សមធម៌​មាន​ចំនួន ៦២ ៥៨១​នាក់ ចំណែក សិស្ស​ដែល​កំពុង​សិក្សា​និង​បាន​បញ្ចប់​សរុប ៨៦,៧៣០ នាក់ ដែល​មាន​បណ្ណ​សមធម៌ ៤២,៣៤៣​នាក់​ ។

អ្នកនាំពាក្យ​ដដែល​បានឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៥ មាន​សិស្ស​ចំនួន ៧៩,២៨៥​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​នោះ​សិស្ស​មាន​បណ្ណ​សមធម៌​ចំនួន ៣៩,១៩៩​នាក់​។ ជាមួយ​គ្នា​នេះ មាន​សិស្ស​ចំនួន ៥១,៥៩១​នាក់​ទទួល​បានការ​ងារ​ធ្វើ​ក្នុង​នោះ​សិស្ស​មាន​បណ្ណ​សមធម៌​មាន​ចំនួន ២៦,៨៦៦​នាក់ ​។

ទន្ទឹម​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ សូម​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ក៏​ដូច​ជា​ចូលរួម​ចំណែក​រក្សា​នូវ​ស្ថេ​រ​ភាព​ការងារ និង​លើក​ស្ទួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​លោក​ថា ការ​មាន​ជំនាញ​ច្បាស់លាស់​បងប្អូន​នឹង​អាច​យក​ទៅ​បម្រើ​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ​នានា ព្រមទាំង​អាច​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​ ។

គួរ​រម្លឹក​ផង​ដែរ​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១,៥​លាន​នាក់ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២៣ និង​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ៕ អត្ថបទសហការ