ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​អន្តរជាតិ Black Cat ដល់កំណត់​បើក​រេញ​ឱ្យ​កម្ពុជា​ប៉ះ​ថៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ ទី​២២ ឧសភា ព្រឹត្តិការណ៍​ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប ប្រកួត​គ្នា

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ ទី​២២ ឧសភា ព្រឹត្តិការណ៍​ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប ប្រកួត​គ្នា ដើម្បី​កំដរ​ភ្នែក​មហាជន ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​នៅឡើយ​ទេ ដោយ សារ​តែ​ថៃ​ក៏​អួត​រឿង​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​អួត​ថា​ ខ្លួន​មិន​ណ​យ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចាប់ពី​ម៉ោង​៨​យប់​តទៅ នោះ​មានការ​រំពឹង​ច្រើន​ថា នឹង​មាន​អ្នក​ទស្សនា​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដងនោះ​ទេ ដោយសារ​តែ​សមាសភាព​ដែល​ត្រូវ​ប៉ះ​គ្នា គឺ​មាន​ក្រេ​ឌី​ត​ល្អ ។ កីឡាករ​កម្ពុជា​២​រូប គឺ​ឯម សុធី និង​ម៉​ន លី​ហួរ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់​ហុត​ឈាម​​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប មាន​បំណង​ប៉ះ​គ្នា​យូរហើយ មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ​ទៅ​ទៀត ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែងប្រាប់​ថា កីឡាករ​ឯម សុធី មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ដាវ ណា​ក់​ខន ដែល​កីឡាករ​ទាំង​ពីរ សុទ្ធតែ​វ័យក្មេង​កម្លាំង​ពេញ​ដូច​គ្នា ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក ឯម ចាន់​សុផល ជា​គ្រូបង្វឹក​បាន​ស្នើ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​ផង បន្ទាប់​ពី​បានដឹង​ថា ដាវ ណា​ក់​ខន ត្រូវ​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​របស់​ថៃ ។ លោក​ថា គ្រូបង្វឹក​ប្រចាំ​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ បាន​ទទូច​ឱ្យ​កូន​របស់​ខ្លួន​ឡើង​ប្រកួត​ដើម្បី​ដកស្រង់​បទ​ពិសោធន៍ និង​បង្ហាញ​សមត្ថភាព​ជាមួយ​កីឡាករ​ថៃ ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ​កម្ពុជា​ឯម សុធី ដោយសារ​តែ​ក្រៅពី​មាន​បច្ចេកទេស​ល្អ​ក៏​មាន​កម្លាំង​ពេញ ព្រោះតែ​នៅ​ពេញកម្លាំង ។ លោក​និយាយ​ថា​៖ «សម្រាប់​​គូ​នេះ កីឡាករ​ថៃ​ខ្លាំង ប៉ុន្តែ​មក​ពី​ខ្ញុំ​ទុកចិត្ត​លើ​ឯម សុធី និង​បាន​សួរ​ទៅ​កាន់​លោក​ឯម ចាន់​សុផល ថា​ឯម សុធី ហ៊ាន​ឡើង​វ៉ៃ​ជាមួយ​កីឡា​ថៃ​ផង ទើប​យើង​សម្រេច​ឲ្យ​ប៉ះ​គ្នា​តែ​ម្ដង​នៅ​យប់​ថ្ងៃអាទិត្យ​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​Black Cat នា​ពេល​យប់​» ។ លោក​ថា កីឡាករ​ថៃ​ដាវ ណា​ក់​ខន ធ្លាប់​ប្រកួត​៥៥​លើក ឈ្នះ​៥០​លើក និង ចាញ់​៥​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​គូ​នេះ ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ ម៉​ន លី​ហួរ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​វិញ លោក​ញាណ សុធី បញ្ជាក់​ថា ថ្វី​ដ្បិតតែ​គេ​វ័យក្មេង និង​មិនសូវ​បាន​ឡើង​ប្រកួត​ញឹកញាប់​នា​ពេល​ចុង​ក្រោយ តែ​លោក​ថា គេ​មាន​សមត្ថភាព និង​មាន​បច្ចេកទេស​ល្អ ទើប​នាំ​ឲ្យ​លោក​សម្រេចចិត្ត​ផ្គូផ្គង​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​ជើង​ខ្លាំង​ឈ្មោះ យ៉​ត ស៊ី​ង នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ Black Cat នៅ​យប់​ថ្ងៃអាទិត្យ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​​ទាំងមូល​ទំនងជា​នឹង​ស្វិតស្វាញ ដោយសារ​តែ​កីឡាករ​កម្ពុជា ក៏​ត្រូវការ​ឈ្នះ ហើយ​កីឡាករ​ខាង​ថៃ ក៏​ជា​ជើង​ខ្លាំង​ដែល​មិន​ភ្លាត់​ឱ្យ​ចាញ់ ។ លោក​ថា កីឡាករ​ថៃ ធ្លាប់​ប្រកួត​៧៦​លើក ឈ្នះ​៦៦​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៦២​លើក ឈ្នះ​៤៥​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក ។

ក្រុម​អ្នកគាំទ្រ​បាន​ផ្ដោត​ការ​ចាប់អារម្មណ៍​ជាមួយ​ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប​ខាងលើ​យ៉ាង​ខ្លាំង ដោយសារ​តែ​សមាសភាព​ទាំង​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​កីឡាករ​វ័យក្មេង​ពេញកម្លាំង និង​ជា​កីឡាករ​ឡើង​កូដ​នា​ពេល​ចុង​ក្រោយ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ភាគី​កីឡាករ​ឯម សុធី និង​ម៉​ន លី​ហួរ សុទ្ធតែ​អះអាង​ថា ត្រៀមខ្លួន​គ្រប់គ្រាន់​ដោយសារ​តែ​ការ​ប្រកួត​របស់​គេ គឺ​ត្រូវការ​ឈ្នះ​ទៅ​លើ​កីឡាករ​ថៃ ។ យ៉ាងណាមិញ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​បាន​បង្ហាញ​ការ​ទុកចិត្ត​ចំពោះ​កីឡាករ​របស់​ខ្លួន​ផង​ដែរ ៕