ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្ររង់ចាំមើលថា លោក Conor Nestor អាច​នាំបឹងកេតត្រឡប់ទៅរកភាពខ្លាំងវិញបានដែរឬទេ?

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ លោក Conor Laurence Nestor កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្លិបបាល់ទាត់បឹងកេត ដើម្បីស្រោចស្រង់ក្រុមវិលត្រឡប់ទៅរកការប្រកួតប្រជែងពានរង្វាន់ឡើងវិញ…

រាជធានីភ្នំពេញ ៖ លោក Conor Laurence Nestor កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្លិបបាល់ទាត់បឹងកេត ដើម្បីស្រោចស្រង់ក្រុមវិលត្រឡប់ទៅរកការប្រកួតប្រជែងពានរង្វាន់ឡើងវិញ ក្រោយធ្លាក់ទម្រង់ខ្លាំងនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលនេះ។

មុនត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីបឹងកេត លោក Conor Nestor បានចែកផ្លូវជាមួយក្លិបព្រះខ័នរាជស្វាយរៀង កាលពីខែមេសា ឆ្នាំ២០២៣ និងចាកចេញពីកម្ពុជាទៅបំពេញតួនាទីជាគ្រូជំនួយក្រុមឈុតធំក្លិប Hyderabad FC សមាជិកលីគកំពូលឥណ្ឌា Indian Super League។ លុះក្រោយមកទៀត លោកបានក្លាយជាគ្រូជំនួយក្លិប Selangor FC សមាជិកលីគកំពូលម៉ាឡេស៊ី Malaysia Super League។

រយៈពេល៥ឆ្នាំរបស់លោក Conor Nestor ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ ឆ្នាំ២០២៣ គ្រូបង្វឹកជនជាតិអៀរឡង់វ័យ៤០ឆាំ្នរូបនេះ បានឈ្នះជើងឯកលីគកំពូលកម្ពុជា Metfone Cambodian League ឆ្នាំ ២០១៩ ហើយថែមទាំងបានជួយក្រុមមួយនេះ ឈានដល់ការប្រកួតវគ្គជម្រុះ Play-off ពានរង្វាន់ AFC CUP ឆ្នាំ ២០២០ ផងដែរ។

វត្តមានរបស់លោក Conor Nestor វិលត្រឡប់មកកាន់ទឹកដីកម្ពុជាសាជាថ្មី កំពុងតែត្រូវបានអ្នកគាំទ្រក្លិបបឹងកេតទន្ទឹងរង់ចាំមើលថាតើ លោកអាចស្រោចស្រង់ក្រុមរហស្សនាម «នាគខៀវ» ដែលកំពុងធ្លាក់ទម្រង់ខ្លាំង និងខកខានឈ្នះពានរង្វាន់រយៈពេលយូរមួយនេះ បានដែរឬទេ? ស្របពេលអ្នកគាំទ្រមួយចំនួនផ្សេងទៀតរំពឹងថា ឆ្លងកាត់បទពិសោធន៍ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងបានយ៉ាងល្អនោះ ពួកគេជឿជាក់ថា លោក Conor Nestor នឹងអាចនាំបឹងកេតត្រឡប់ទៅរកភាពខ្លាំងឡើងវិញ។

ដ្បិតបច្ចុប្បន្ន បឹងកេត កំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ នៅលីគកំពូលកម្ពុជារដូវកាលនេះ ក្រោយឆ្លងកាត់៥ប្រកួតកន្លងមក ឈ្នះ ៣ និងចាញ់ ២ មាន៩ពិន្ទុ ដោយមានគម្លាត៩ពិន្ទុពីក្រោយក្រុមភ្នំពេញក្រោន ដែលកំពុងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន៕ (រូបភាព ៖ Boeung Ket Football Club និង Preah Khan Reach Svay Rieng FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ