រាជធានីភ្នំពេញ ៖ បុរសម្នាក់សក់វែង ប៉ុន្តែកាត់កោរទុកដូចគ្របឆ្នាំង ដែលយុវជនសម័យនេះខ្លះ ពេញនិយមលេងម៉ូតសក់តារា បានក្លែងជាសង្ឃត្រូវកម្លាំងប្រជាការពារក្នុងសង្កាត់ទួលសង្កែ ប្រាប់នគរបាលឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយពីឃើញដើរបិណ្ឌបាតបង្កការភ្ញាក់ផ្អើល ។ អ្នកណាក៏ឈរមើលដែរ ព្រោះតែខុសពីសង្ឃដទៃ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ មីនា នៅតាមបណ្តោយផ្លូវលេខ៦២ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ជនដែលត្រូវឃាត់ខ្លួនឈ្មោះ យក់ ពិសិដ្ឋ អាយុជាង៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក៏មិនពិតប្រាកដទំនងជាមនុស្សឡប់ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលអ្នកផ្សារបានឃើញអ្នកក្លែងជាសង្ឃ១អង្គនេះប្លែកភ្នែកពេក បានដើរបិណ្ឌបាតតាមផ្ទះ និងអ្នកដំណើរតាមផ្លូវបែបនេះក៏មានការសង្ស័យភ្លាម ។ ព្រោះមើលទៅរូបរាង និងលក្ខណៈសម្បត្តិ ហាក់មិនដូចជាព្រះសង្ឃសោះ ហើយដើរបិណ្ឌបាតមានពាក់ស្រោមជើង ឯស្បង់ចីវរស្លៀកមិនសមរម្យ និងរញ៉េរញៃមើលមិនយល់ ថែមទាំងមានម៉ូតសក់ដូចតារា តឺនុយនាឡិកាដៃមុខធំទៀត រឿងអីឃើញមិនអស់សំណើច ។
ដោយសារតែលក្ខណៈជាសង្ឃមិនសមរម្យនិងហួសចិត្តពេក ទើបរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ទប់ដំណើរព្រះសង្ឃមួយអង្គនោះភ្លាមៗ ខណៈដែលសង្ឃមួយអង្គនោះ កំពុងតែដើរបិណ្ឌបាតយ៉ាងរំភើយព្រមទាំងញញឹមស្រស់ផងតាមផ្លូវ ។ សមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗ ឱ្យដោះស្បង់ចីវរចេញពីខ្លួនឱ្យអស់ ដោយមើលទៅលើខ្លួនប្រាណមានពាក់ខ្សែ.ក នាឡិកាដៃសង្ហា មានខោមានអាវយឺត និងសោ១ចង្កោមពាក់ជាប់នឹងចង្កេះ ។ ពេលសួរនាំនិយាយស្តីដូចជាមនុស្សមានសតិមិនប្រក្រតី ដែលគេនិយាយថា គាត់ជាមនុស្សមិនគ្រប់ទឹក និងធ្វើឱ្យគេហួសចិត្តគ្រប់គ្នា ។ ម្លោះហើយ បានត្រឹមអប់រំណែនាំប៉ុណ្ណោះ ថ្ងៃក្រោយឈប់ប្រព្រឹត្តបែបនេះទៀត ។ ដឹងរាង មិនរាងទេ បើគ្នាតែប៉ុណ្ណឹងទៅហើយនោះ ៕
ចែករំលែកព័តមាននេះ