ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ប្រយ័ត្ន​ភ្លេច​គិត​ទេវតា​រស់​ក្នុងផ្ទះ​ចង់​សោយ​អី​ផង

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកខ្លះ​បន់ព្រះ​សំពះ​ទេវតា ខំ​ស្វែងរក​ព្រះ​ដើម្បី​គោរព​ថ្វាយបង្គំ និង​បូជា​ទេយ្យទាន ដើម្បី​យកបុណ្យ បែរជា​ដើរ​ហួស​រំលង មិន​ស្គាល់​ព្រះ​រស់នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​មិន​យកចិត្ត​គោរព​បម្រើ​គាត់​ទៀត​ផង នេះ​ជា​កំហុស​ធ្ងន់​ណាស់…

រាជធានី​ភ្នំពេញ ៖ អ្នកខ្លះ​បន់ព្រះ​សំពះ​ទេវតា ខំ​ស្វែងរក​ព្រះ​ដើម្បី​គោរព​ថ្វាយបង្គំ និង​បូជា​ទេយ្យទាន ដើម្បី​យកបុណ្យ បែរជា​ដើរ​ហួស​រំលង មិន​ស្គាល់​ព្រះ​រស់នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​មិន​យកចិត្ត​គោរព​បម្រើ​គាត់​ទៀត​ផង នេះ​ជា​កំហុស​ធ្ងន់​ណាស់ ។

តាម​ពិត បើសិនជា​គ្មាន​ព្រះ​រស់​ពិត​ៗ​នេះ​ទេ យើង​ក៏​គ្មាន​ថ្ងៃ​ឃើញ​ព្រះ​ខាងក្រៅ​ដែរ ។ កុំ​បាច់​ឆ្ងល់​ថា ព្រះ​រស់​នោះ​ជា​អ្នក​ណា ព្រះ​រស់ គឺជា​មាតាបិតា​ហ្នឹងឯង ដែល​ជា​នាម​របស់​ព្រះ​បរម​សាស្តា​ទ្រង់​ប្រទាន​ឱ្យ​ពិត​ៗ​ថា អា​ហុ​នេ​យ្យ​បុគ្គល គឺ​បុគ្គល​គួរ​បូជា បុគ្គល​គួរ​ទទួលយក​វត្ថុ​ដែល​គេ​នាំ​មក​បូជា​ហើយ ពោល គឺ​ពាក្យ​អា​ហុ​នេ​យ្យ​បុគ្គល​នេះ​ស្មើនឹង​ពាក្យ​ព្រះពុទ្ធ​ហ្នឹងឯង ។

រូបតំណាង

សម្រាប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ទេវតា​ឆ្នាំ ថោះ នឹង​ត្រូវ​ប្ដូរ​វេន​ថ្មី​ដោយ​ទេពធីតា​ឆ្នាំ រោង ព្រះ​នាម ម​ហោ​ទ​រា​ទេវី ដែល​ជា​បុត្រី​ទី​៧ របស់​កបិល​មហាព្រហ្ម ក្នុង​ពស​២៥៨៦ ។ ព្រះ​នាង ម​ហោ​ទ​រា​ទេវី ទ្រង់​គង់​លើ​សត្វ​ក្ងោក​ឈ្មោល ជា​យានជំនិះ ប្រើ​ឯកសណ្ឋាន​ពណ៌​ខៀវ ដៃស្ដាំ​កាន់​កង​ច័​ក្រ ដៃ​ឆ្វេង​កាន់​ត្រីសូល៍ (​លំពែង​) ។ នា​វេលា​ម៉ោង​១០:២៤​នាទី​យប់ ដែល​ជា​ថ្ងៃ​បុណ្យចូលឆ្នាំ ព្រះ​នាង​នឹង​យាងចុះ​មក​កាន់​ជម្ពូទ្វីប​ភព​ផែនដី ដោយ​នាំ​អស់​ទេវបុត្រ​ទេពធីតា​១​សែន​កោដ្ឋ​អង្គ​មក​ជាមួយ ។ ទេពធីតា​ឆ្នាំ​ថ្មី​នេះ​សោយ​សាច់​ទ្រាយ (​សាច់​ឈ្លូស​) ជា​អាហារ ។ ប៉ុន្តែ​បើ​មិន​មាន​សាច់​ឈ្លូស​នោះ​ទេ​ត្រូវ​ដាក់​ជំនួស​ដោយ​សាច់​គោ​ងៀត​កញ្ចប់ អម​ដោយ​ផ្លែ​ឈើ​៥​មុខ និង​ផ្កា ។

បន្ទាប់​ពី​បានដឹង​ពី​រណ្តាប់​សែនព្រេន​របស់​ទេវតា​ឆ្នាំ​ថ្មី​នេះ បងប្អូន​ខ្មែរ​ភាគច្រើន​កំពុង​នាំ​គ្នា​គិតគូ​យ៉ាង​ខ្លាំង ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​យាង​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។ ប៉ុន្តែ​ការ​ត្រៀម​រៀបចំ​នេះ​ដែរ ក៏​មាន​បងប្អូន​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា កុំ​គិតតែ​ខ្វល់​រឿង​ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​អី ប្រយ័ត្ន​ភ្លេច​គិត​ទេវតា​ក្នុងផ្ទះ ដែល​អង្គុយ​បើកភ្នែក​ប្លង់​ៗ​រង់ចាំ​កូនចៅ​យកនំ​ចំណី​ជូន​ពិសា ។

រូបតំណាង

ពាក្យ​ថា ធ្វើបុណ្យ​ទាន់​ខែភ្លឺ បាន​ដាស់តឿន​ក្រើនរំលឹក​ដល់​កូន​ខ្មែរ ដែល​មាន​ន័យ​ប្រៀបធៀប​ថា ធ្វើបុណ្យ​ទាន់​លោក​អ្នក​មានគុណ​ទាំង​ពីរ​នៅ​រស់នៅ​ហូប​បាន ។ អំពើ​នេះ​មិន​សំដៅ​តែ​ធ្វើបុណ្យ​ជូន​លោក​ទាំង​ពីរ​នៅ​ពេល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ គឺ​អាច​ធ្វើ​ជូន​គាត់​គ្រប់ពេលវេលា ។ ប៉ុន្តែ​នៅ​ឱកាស​នេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​មួយ ដែល​កូន​ៗ​ត្រូវ​តែ​នឹកឃើញ​ហើយ​គោរព​ប្រតិបត្តិ​ជូន​លោក​ទាំង​ទ្វេ ដោយសារ​ជា​ពេលវេលា​បាន​សម្រាក​ពី​ការងារ និង​ការ​រក​ទទួលទាន ។

កូន​ដែល​ធ្វើ​ល្អ​នឹង​ឪពុក​ម្តាយ មិន​ស្រយុត​ចុះ​ទេ មាន​តែ​ជួប​សំណាងល្អ​ធ្វើបុណ្យ​ប៉ុន្មាន​វត្ត ក៏​មិន​ស្មើ​ធ្វើ​ល្អជា​មួយ​ឪពុក​ម្តាយ​ខ្លួនឯង​ដែរ ។ ជា​ទូទៅ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ថ្ងៃ​ចុង​ក្រោយ គឺជា​ថ្ងៃ​ឡើងស័ក ពុទ្ធបរិស័ទ​ទាំង​ជិត​ឆ្ងាយ​តែងតែ​មក​វត្ត​អារាម​នៅ​ក្នុងថ្ងៃនេះ ដើម្បី​ធ្វើ​ពិធី​ស្រង់​ព្រះ ដោយ​មានទឹក​លាយ​ជាមួយ​ផ្កា​ភ្ញី​ទឹកអប់ ដើម្បី​ស្រោចស្រព​ដល់​ព្រះ​បដិមា ឬ​អ្នក​មានគុណ អ្នកមាន​ឋានៈ​ខ្ពង់ខ្ពស់​ជាង ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​លោក មាន​ជំនឿ​ត​ៗ​គ្នា​មក​យូរ​មក​ហើយ​ថា ស្រង់​ព្រះ​ទាំង​ព្រះ​បដិមា​ថ្ម និង​ព្រះ​រស់ អ្នក​មានគុណ សុទ្ធតែ​ទទួល​បាន​មក​វិញ​នូវ​សេចក្ដីសុខ​ចម្រើន ត្រជាក់ត្រជុំ​គ្រប់​ក្រុម​គ្រួសារ​កាច់​ផ្តាច់​កម្ម​អកុសល លះបង់​បាប​អកុសល​ចាស់​ៗ​ចោល ហើយ​យើង​សាង​នូវ​កុសល​ថ្មី ។

រូបតំណាង

ប៉ុន្តែ​បងប្អូន​ត្រូវ​ចង​ចាំ​ថា ពិធី​ស្រង់​ព្រះ​មិន​សំដៅ​តែ​ការ​ស្រោច​ទឹក និង​ការ​លាង​សម្អាត​ព្រះពុទ្ធ​បដិមា​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ព្រះ​រស់​នេះ​ហើយ គឺជា​ព្រះ​ដែល​តែងតែ​នៅ​ក្បែរ​មើលថែ​យើង​រហូត​មក​តាំងពី​តូច​ក្រូចឆ្មា ដូច្នេះ​គួរតែ​សម្តែង​នូវ​ការ​ដឹងគុណ ការ​តបស្នង​សងគុណ ចំពោះ​អ្នក​មានគុណ កុំ​ខ្មាស​អៀន​ឲ្យ​សោះ កូន​ខ្លះ​ហ៊ាន​សំពះ​អ្នក​ដទៃ តែ​បែរជា​មិន​អៀន​ដៃ​សំពះ​ព្រះ​រស់​របស់​ខ្លួនឯង​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ