អាស៊ាន នឹងឈានទៅដល់ការសម្រេចគោលដៅមួយនៃសមាគមសេដ្ឋកិច្ចអាស៊ាន (AEC) ដែលចូលមកដល់នៅថ្ងៃទី៣១ ធ្នូ នេះ ។ ខាងក្រោមនេះគឺជាធាតុពិតមួយចំនួនអំពីសមាគមសេដ្ឋកិច្ចអាស៊ាន ហើយក៏ជាអ្វីដែលឆ្លុះបញ្ចាំងឲ្យឃើញពីខ្លឹមសារសម្រាប់ពលរដ្ឋ និងអ្នកជំនួញនៅក្នុងប្រទេសអាស៊ានផងដែរ ដែលត្រូវយល់ដឹងទាំងអស់គ្នា។
១-អ្វីទៅជាសមាគមសេដ្ឋកិច្ចអាស៊ាន ?
សមាគមសេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានបង្កើតឡើងក្នុងទិសដៅនៃការធ្វើសមាហរណកម្មរវាងបណ្តាប្រទេសសេដ្ឋកិច្ចផ្សេងៗរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា « អាស៊ាន » ឲ្យបញ្ចូលទៅក្នុងទីផ្សារតែមួយជាមួយនឹងអត្រាប្រជាជនចំនួន៦២៥លាននាក់ និងភ្ជាប់មកជាមួយនូវផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង២,៥ទ្រីលានដុល្លារក្នុងឆ្នាំ២០១៤ ។
ម្យ៉ាងទៀត AECត្រូវបានកំណត់យ៉ាងច្បាស់ដោយលក្ខណៈគន្លឹះមួយចំនួនដូចជា ទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ តំបន់សេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងក្លា តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌ និងតំបន់មួយដែលធ្វើសមាហរណកម្មពេញលេញចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ។
ចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកអាស៊ាន រួមមាន ៖
-ការអភិវឌ្ឍ និងកសាងសមត្ថភាពធនធានមនុស្ស
-ការទទួលស្គាល់នូវសញ្ញាបត្រ ឬវិញ្ញាបនបត្រចំណេះដឹង និងជំនាញផ្សេងៗ
-ការប្រឹក្សាយោបល់កាន់តែជិតទៅលើគោលនយោបាយហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច
-វិធានការហិរញ្ញវត្ថុពាណិជ្ជកម្ម
-ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ទំនាក់ទំនង
-អភិវឌ្ឍន៍កិច្ចការជំនួញផ្នែកគ្រឿងអេឡិចត្រូនិកតាមរយៈ E-Asean
-ធ្វើសមាហរណកម្មឧស្សាហកម្មនៅទូទាំងតំបន់ ដើម្បីផ្សព្វផ្សាយនូវប្រភពក្នុងតំបន់
-ធ្វើឲ្យប្រសើរឡើងនូវវិស័យឯកជនដែលពាក់ព័ន្ធសម្រាប់កសាងសមាគមសេដ្ឋកិច្ចអាស៊ាន ។
និយាយរួម សមាគមសេដ្ឋកិច្ចអាស៊ាននឹងកែប្រែសេដ្ឋកិច្ចអាស៊ានបញ្ចូលទៅក្នុងតំបន់តែមួយ ជាមួយនឹងការចល័តនៃមុខទំនិញដោយសេរី សេវាកម្ម ការវិនិយោគ ពលករជំនាញ និងលំហូរចូលនៃមូលធនដោយសេរី ។
២-នរណានឹងបង្កើតសមាគមសេដ្ឋកិច្ចអាស៊ាន ?
សមាគមសេដ្ឋកិច្ចអាស៊ាន នឹងរួមបញ្ចូលគ្នាដោយសមាជិកអាស៊ានទាំង១០ប្រទេសរួមមាន ៖ កម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វ៊ីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។
សមាជិកនីមួយៗមានលក្ខណសម្បត្តិទាក់ទាញផ្ទាល់របស់ខ្លួនរួចមកហើយសម្រាប់អ្នកវិនិយោគ រួមមាន ទម្រង់ប្រជាធិបតេយ្យដែលអំណោយផល ធនធានធម្មជាតិដែលមានច្រើនក្រៃលែង និងកម្លាំងពលកម្មធូរថ្លៃក្នុងចំណោមកត្តាដទៃទៀត ។
៣-ពេលណា AEC នឹងត្រូវបានចាប់ផ្តើមដំណើរការ ?
សមាគមសេដ្ឋកិច្ចអាស៊ានបានចំណាយពេលជាច្រើនក្នុងការបង្កើតឡើងនេះ និងត្រូវបានកំណត់ឲ្យមានរូបរាងនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ នេះ ។
បណ្តាថ្នាក់ដឹកនាំអាស៊ានបានព្រមទទួលស្គាល់ Asean Economic Blueprint ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៣ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៧ នៅប្រទេសសិង្ហបុរី ហើយឯកសារនៃជំនួបនោះ គឺបម្រើឲ្យគម្រោងមេសម្រាប់សមាគមសេដ្ឋកិច្ចអាស៊ាននេះតែម្តង ។
៤-តើ AEC នឹងផ្លាស់ប្តូរទិដ្ឋភាពពិភពលោកដូចម្តេច ?
តាមរយៈការកែប្រែធ្វើឲ្យរីកចម្រើននៃអាស៊ានចូលទៅក្នុងទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ AEC នឹងជំរុញការប្រកួតប្រជែង និងការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ទាំងមូល។ប្រសិនជាវាត្រូវបានគេប្រតិបត្តិនោះ AEC គួរតែលើកទឹកចិត្តនូវទិន្នផលសរុបទាំងអស់៧%នៅឆ្នាំ២០២៥ ។
AEC នឹងជួយតភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួចជាមួយបណ្តាប្រទេសដែលអភិវឌ្ឍន៍ច្រើន ក្នុងការនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌នៅទូទាំងតំបន់។ អាស៊ានទាំងមូលនឹងមានភាពប្រសើរឡើងក្នុងការធ្វើសមាហរណកម្មបញ្ចូលក្នុងសេដ្ឋកិច្ចពិភពលោក ។
អាស៊ាន គឺជាសេដ្ឋកិច្ចតែមួយ ត្រូវបានគេធ្វើការប៉ាន់ប្រមាណទុកជាមុនថា នឹងក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ នៅពីក្រោយតែសហរដ្ឋអាមេរិក និងចិនតែប៉ុណ្ណោះ ។
៥-តើ AEC មានអត្ថន័យបែបណាសម្រាប់ការធ្វើពាណិជ្ជកម្ម ?
AEC ជាទីផ្សារតែមួយដែលរួមបញ្ចូលនូវអត្រាប្រជាជនជាង៦០០លាននាក់ ដោយបានដុតបញ្ឆេះចំណាប់អារម្មណ៍ក្នុងចំណោមបណ្តាវិនិយោគិនបរទេសនានា ។
សម្រាប់កិច្ចការជំនួញ ឬពាណិជ្ជកម្ម ទីផ្សារនេះគួរតែប្រកបដោយទស្សនវិស័យវិជ្ជមាន។ក្រៅពីការទទួលបាននូវរបាំងពាណិជ្ជកម្មតិចជាងមុន និងលំហូរនៃពាណិជ្ជកម្មខ្ពស់ជាងមុន ពួកគេអាចដំណើរការទីផ្សារកាន់តែធំថែមទៀត ហើយក៏រីករាយជាមួយនឹងការលើកទឹកចិត្តដូចគ្នា ។
ជាមួយនឹងការលុបបំបាត់ពន្ធ និងក្រៅពីពន្ធ អ្នកប្រកបជំនួញកំពុងស្វែងរកឱកាសនៅក្នុងតំបន់ ដែលនឹងអាចពង្រីកកាន់តែងាយស្រួលថែមទៀត ។ ខណៈមានការធ្វើសមាហរណកម្មបន្ថើរៗនៅលើមូលដ្ឋានផលិតកម្ម សហគ្រាសខ្នាតតូច និងមធ្យមនឹងឈរក្នុងតំណែងកាន់តែប្រសើរជាងមុននៃការពង្រីកខ្លួនក្នុងតំបន់ និងបន្ទាប់មក គឺពិភពលោក ។
៦-តើ AEC មានអត្ថន័យបែបណាចំពោះវិស័យឯកជន ?
AEC គួរតែបង្កើតបាននូវការងារថ្មីក្នុងរង្វង់១៤លាននាក់នៅឆ្នាំ២០២៥ មានន័យថាមានកាលានុវត្តភាពកាន់តែច្រើននៅក្នុងការដ្ឋានឬកន្លែងប្រកបការងារសាជីវកម្ម នេះមានន័យថា ការប្រកួតប្រជែងនឹងកើនឡើងផងដែរ ។
បណ្តាអ្នកឃ្លាំមើលទីផ្សារដូចជា ក្រុមហ៊ុន CBRE បានថ្លែងថា AEC គួរតែពង្រីកតម្រូវការ និងការផ្គត់ផ្គង់ផ្នែកឧស្សាហកម្ម ព្រមទាំងទីធ្លាការិយាល័យនៅក្នុងទីផ្សារអាស៊ានច្រើនបំផុត ក៏ដូចជាបង្កើនសហគ្រាសខ្នាតតូច និងមធ្យមកាន់តែច្រើន និងសាជីវកម្មពហុជាតិក្នុងការបង្កើតហាងលក់ក្នុងតំបន់ ។
៧-តើអ្វីដែលជាភាពរីកចម្រើនរុងរឿងចំពោះ AEC រហូតមកដល់ពេលនេះ ?
ខណៈពេលដែល AEC បានបង្កើតឡើងនូវវឌ្ឍនភាពក្នុងតំបន់ពិតប្រាកដ មន្ត្រីផ្លូវការរដ្ឋាភិបាល និងអ្នកឃ្លាំមើលទីផ្សារបានកត់សម្គាល់ថា ផ្លូវឆ្ពោះទៅមុខនៃការធ្វើសមាហរណកម្មពេញលេញនៃសមាគមសេដ្ឋកិច្ចអាស៊ាននៅតែត្រូវបានជាប់គាំងនៅក្នុងការប្រកួតប្រជែង ។
ពន្ធលើការនាំចេញនៃផលិតផលដើមអាស៊ានរវាងបណ្តារដ្ឋសមាជិកត្រូវបានផ្លាស់ទម្រង់ថ្មីរួចមកហើយ ប៉ុន្តែការវិនិយោគរបស់អ្នកជំនួញទៅតាមតំបន់ព្រំដែននៅតែបន្តប្រឈមនឹងបញ្ហាក្រៅពីពន្ធ ដូចជា ភាពស្មុគស្មាញនៃអាជ្ញាប័ណ្ណនិងតម្រូវការនៃការទទួលបានដីធ្លី ជាដើម ។
ជាងនេះទៀត ក៏នៅមានសារសំខាន់ចំពោះរបាំងឧបសគ្គជាច្រើនក្នុងលំហូរចូលនៃផ្នែកសេវាកម្មជាមួយបណ្តាក្រុមហ៊ុននានា ដែលប្រឈមនឹងការរឹតបន្តឹងនៃសិទ្ធិទទួលបានភាគលាភស្មើគ្នារបស់ជនបរទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន ។
គោលនយោបាយពាណិជ្ជកម្ម សេវាកម្មក្នុងតំបន់អាស៊ាន គឺមានការរឹតបន្តឹងជាងតំបន់ដទៃទៀតនៅលើពិភពលោក ក្រៅពីតំបន់ឈូងសមុទ្រ Persian ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានបោះពុម្ពផ្សាយកាលពីខែមេសា ឆ្នាំ២០១៥ ។
ចល័តភាពនៃកម្លាំងពលកម្មសម្រាប់ពលករជំនាញ គឺជាបញ្ហាមួយផ្សេងៗទៀត
នៅចន្លោះឆ្នាំ២០០៥ និង២០១២ បណ្តាប្រទេសអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទទួលស្គាល់គ្នាទៅវិញទៅមក (MRAs) ក្នុងវិស័យ៦ ដូចជា វិស្វកម្ម គិលានុបដ្ឋាន ស្ថាបត្យកម្ម ឱសថ វិជ្ជាទន្តពេទ្យ និងទេសចរណ៍ ក៏ដូចជាការរៀបចំគម្រោងលើ MRAs ក្នុងការស្ទាបស្ទង់ និងធ្វើបញ្ជីដើម្បីជួយសម្រួលដល់ចល័តភាពនៃកម្លាំងពលកម្មតាមព្រំដែន ។ ការរៀបចំទាំងនោះអនុញ្ញាតឲ្យបណ្តាប្រទេសជាសមាជិកនីមួយៗទទួលស្គាល់ការអប់រំ និងបទពិសោធន៍ ការផ្តល់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រផ្សេងៗនៅក្នុងប្រទេសដទៃ ។
ប៉ុន្តែការប្រតិបត្តិនៅក្នុងចំណុចនេះមានកម្រិតយឺតដោយសារតែការអនុវត្ត ការចុះបញ្ជីជាតិដែលមានស្រាប់ និងការធ្វើនិយ័តកម្មដែលផ្ទុយនឹងការប្តេជ្ញាចិត្តក្នុងតំបន់នោក្នុងផ្នែកចល័តភាពនៃកម្លាំងពលកម្ម និងការបង្ខូចទឹកចិត្តលើការបំលាស់ទីតាមវិជ្ជាជីវៈឆ្លងកាត់ព្រំដែន ៕
ចែករំលែកព័តមាននេះ