ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ថ្ងៃ! Elon Musk កើនទ្រព្យជាង២៦ពាន់ លានដុល្លារ ក្រោយជ័យជម្នះលោក ត្រាំ

3 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីមានបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន បានមើលឃើញទ្រព្យសម្បត្តិកើនឡើង ២៦.៥ពាន់លានដុល្លារអាមេរិកបន្ថែមទៀតត្រឹមតែ១ថ្ងៃប៉ុណ្ណោះ…

0:00
0:00

សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីមានបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន បានមើលឃើញទ្រព្យសម្បត្តិកើនឡើង ២៦.៥ពាន់លានដុល្លារអាមេរិកបន្ថែមទៀតត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានប្រកាសឈ្នះឆ្នោតប្រធានាធិបតីអាមេរិកទី៤៧ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ចំណែកនៃការបង្កើនទ្រព្យរបស់មហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៣ឆ្នាំរូបនេះ បានមកពីភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ១៤.៧% កាលពីថ្ងៃពុធ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដោយបានបន្ថែម ១១.៦% ដល់ទ្រព្យសម្បត្តិរបស់លោក អេឡុន ម៉ាសក៍ ក្នុងតំណែងជាំនាយកប្រតិបត្តិ និងស្ថាបត្យករផលិតផលរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះ។

ប្រភពពី Bloomberg និង Forbes បានឱ្យដឹងថា គិតមកទល់ពេលនេះ ទ្រព្យសម្បត្តិលោក អេឡុន ម៉ាសក៍ កើនដល់ ២៩០.៣ពាន់លានដុល្លារអាមេរិក បន្តឈរជាបុគ្គលមានជាងគេបំផុតនៅលើពិភពលោក។

ក្រុមហ៊ុន Tesla ត្រូវបានគេជឿថានឹងទទួលបានអត្ថប្រយោជន៍ពីតំណែងប្រធានាធិបតីរបស់លោក ត្រាំ ខណៈប្រធានាធិបតីជាប់ឆ្នោតបានសន្យាថានឹងផ្តល់តំណែងដល់លោក អេឡុន ម៉ាសក៍ ជាប្រធានគណៈកម្មការប្រសិទ្ធភាពរបស់រដ្ឋាភិបាលលោក។

លោក អេឡុន ម៉ាសក៍ បង្ហាញការគាំទ្រពេញទំហឹងចំពោះយុទ្ធនាការឃោសនារបស់លោក ត្រាំ ហើយថែមទាំងចំណាយប្រាក់ជាង ១៣០លានដុល្លារលើមូលនិធី America PAC ដែលជាគណៈកម្មាធិការនយោបាយដែលលោកបានបង្កើតឡើង ដើម្បីជួយលោក ត្រាំ ប្រជែងដណ្តើមតំណែងម្ចាស់សេតវិមានសាជាថ្មីម្តងទៀត។

លោក Daniel Ives អ្នកវិភាគរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Wedbush Securities ដែលមានមូលដ្ឋាននៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) បានសរសេរក្នុងរបាយការណ៍មួយថា «ភាពវិជ្ជមានដ៏ធំបំផុតពីការឈ្នះរបស់លោក ត្រាំ គឺសម្រាប់ Tesla និងលោក អេឡុន ម៉ាសក៍»។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បង្កើតឡើងដំបូងនៅឆ្នាំ ២០០៣ បានប្រកាសពីការកើនឡើងប្រាក់ចំណេញ ៨% នៅក្នុងចំនួន ២.៥ពាន់លានដុល្លារក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដែលខ្ពស់ជាងការរំពឹងទុករបស់បណ្តាអ្នកវិភាគ៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ