ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ពីបទមនុស្សឃាតដោយចេតនាកាលពីថ្ងៃទី១ ធ្នូ ២០១៥ ដែលការឃាត់ខ្លួននេះធ្វើឡើងក្រោយកើតហេតុ៣ថ្ងៃនៅផ្ទះជនសង្ស័យស្ថិតក្នុងភូមិស្នាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចន ជាន អាយុ៣៨ឆ្នាំ ចំណែកប្រពន្ធឈ្មោះ អ៊ី ណាត អាយុ៣៤ឆ្នាំ មានកូន៤នាក់(ស្រីម្នាក់) រស់នៅកន្លែងកើតហតុ ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៦ ធ្នូ ២០១៥នេះថា តាមចម្លើយសារភាពរបស់ជនសង្ស័យជាប្ដីបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយប្រពន្ធបណ្តាលឲ្យស្លាប់ពិតប្រាកដមែន មូលហេតុដោយសារតែប្រពន្ធរបស់គាត់ជានិច្ចកាលតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ មិនជួយមើលថែទាំកូន និងផ្ទះសម្បែងឡើយ ។ ជនសង្ស័យបន្តថា នៅថ្ងៃកើតហេតុ គាត់បានដើររកប្រពន្ធគាត់តែមិនឃើញនៅផ្ទះ ទៅឃើញនៅនឹងពំនូកចំបើងក្នុងសភាពស្រវឹងជោគជាំ ទើបជនសង្ស័យខឹងខ្លាំង ហើយគាត់ក៏បានវ៉ៃប្រពន្ធពីរបីដៃ តែគ្មានបំណងវាយសម្លាប់ប្រពន្ធឡើយ ដោយសារប្រពន្ធរបស់គាត់ផឹកស្រាអត់ហូបបាយបណ្ដាលឲ្យខ្យល់គរស្លាប់ទៅ នៅពេលដែលគាត់វាយពីរបីដៃនោះ ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី៦ ធ្នូ ២០១៥នេះ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ