រាជធានីភ្នំពេញ ៖ បុរស២នាក់ត្រូវជនមិនស្គាល់មុខ២នាក់ទៀតដែលទើបស្គាល់គ្នាបាន១ម៉ោងនៅមជ្ឈមណ្ឌលកោះពេជ្រ ត្រូវគេហៅទៅផឹកស៊ីនៅហាងផឹកស៊ីមួយកន្លែង ក៏ត្រូវគេដាក់ថ្នាំសណ្តំធ្វើឱ្យវង្វេងវង្វាន់ស្មារតី រួចលួចយករថយន្តព្រូសទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៨ កញ្ញា នៅក្នុងភោជនីយដ្ឋានព្រះច័ន្ទពេញវង្ស តាមបណ្តោយផ្លូវ២៧១ ម្តុំច្រមុះជ្រូកក្បាលថ្នល់ ស្ថិតនៅសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន ។
ជនរងគ្រោះជាម្ចាស់រថយន្ត ឈ្មោះ សាត់ ពិសិទ្ឋ អាយុ២៤ឆ្នាំ ជាអ្នកលក់គ្រឿងទេសនៅផ្ទះ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងមិត្តភក្តិម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ចំណែករថយន្តដែលត្រូវក្រុមចោរដាក់ថ្នាំលួចយកទៅនោះ ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ2F-2292 រួមទាំងកាបូបលុយមានលុយ២០០ដុល្លារ និងទូរស័ព្ទ IPhone6 មួយគ្រឿង ។
ចំណែកជនសង្ស័យដែលទើបស្គាល់គ្នាបាន១ម៉ោងនោះ មានគ្នា២នាក់ជិះរថយន្តកាមរីហាយប្រ៊ីដ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រៅប្រទេស ។ ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ សាត់ ពិសិទ្ឋ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មុនពេលគាត់ត្រូវគេដាក់ថ្នាំសណ្តំនោះ គឺនៅវេលាម៉ោង៩យប់គាត់ជិះរថយន្តព្រូស ពណ៌ក្រហម មួយគ្រឿង ទៅលេងនៅមជ្ឈមណ្ឌលកោះពេជ្រ ជាមួយមិត្តភក្តិម្នាក់ទៀត ពេលនោះគាត់បានឈប់រថយន្តអង្គុយនិយាយគ្នាលេង ស្រាប់តែមានបុរស២នាក់ជិះរថយន្តកាមរីហាយប្រ៊ីដ មកឈប់រថយន្តក្បែររថយន្តគាត់ និងបាននិយាយលេងជាមួយគាត់ជាង១ម៉ោងក៏សុំស្គាល់គ្នា ហើយពេលនោះបុរស២នាក់នោះបានហៅពួកគាត់ទាំង២នាក់ទៅផឹកស៊ីនៅក្នុងភោជនីយដ្ឋានព្រះច័ន្ឋពេញវង្ស នៅម្តុំច្រមុះជ្រូកក្បាលថ្នល់ ដោយបានចូលផឹកតាំងពីម៉ោង១០យប់រហូតដល់ម៉ោង១១យប់ គាត់និងមិត្តភក្តិក៏ត្រូវបានគេដាក់ថ្នាំសណ្តំ បណ្តាលឱ្យវិលមុខវង្វេងវង្វាន់ស្មារតីក៏បានដួលសន្លប់ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ