ខេត្តកំពង់ស្ពឺ ៖ តាមការបង្ហើបឱ្យដឹងពីមន្ត្រីអាវុធហត្ថមួយរូបបានឱ្យដឹងថា ជនសង្ស័យ៤នាក់ដែលឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ កក្កដា ២០១៥ បានសារភាពពីសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋម្នាក់នៅខេត្តកំពង់ចាមហើយ ដោយពេលនោះពួកគេយកបានទ្រព្យសម្បត្តិ និងលុយបានប្រមាណជាង១០ម៉ឺនដុល្លារ ។ ជនសង្ស័យដែលឆ្លើយសារភាពមុនគេមានឈ្មោះ ឆិល សីថា ភេទប្រុស អាយុ៣០ឆ្នាំ ហើយបក្ខពួក៣នាក់ទៀតក៏បានសារភាពតាមក្រោយគ្នាដែរបន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថធ្វើការសាកសួរយ៉ាងយកចិត្តទុកដាក់រួចមក ។
សូមរំលឹកថា ជនសង្ស័យទាំង៤នាក់ត្រូវបានអាវុធហត្ថស្រុកសំរោងទងឃាត់ខ្លួនបានកាលពីវេលាម៉ោង៨ និង១៥នាទីយប់ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែងតាមបណ្តោយផ្លូវលេខ៤៤ ស្ថិតក្នុងភូមិសប់ង៉ ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទាំង៤នាក់មានឈ្មោះ ១-ឈិន សុភាព ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាវេស សង្កាត់តាវេស ក្រុងតាខ្មៅ ខេត្តកណ្តាល ២-ថង់ សុចាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្តុរ សង្កាត់ក្តុរ ក្រុងតាខ្មៅ ខេត្តកណ្តាល ៣-ឆិល សីថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្តុរ សង្កាត់ក្តុរ ក្រុងតាខ្មៅ ខេត្តកណ្តាល និង៤-បាន ពិសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្តុរ សង្កាត់ក្តុរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមមន្ត្រីអាវុធហត្ថស្រុកសំរោងទងមួយរូបបានឱ្យដឹងថា អនុវត្តតាមបទបញ្ចារបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាវុធហត្ថស្រុកក្រោមឱវាទដែលមានមេបញ្ចាការជាអ្នកដឹកនាំបានចេញល្បាតក្នុងមូលដ្ឋានលុះទៅដល់ចំណុចខាងលើក៏ប្រទះឃើញមនុស្ស៤នាក់ដែលគួរឱ្យសង្ស័យក៏បានតាមឃ្លាំមើល ពេលនោះឃើញពួកគេកំពុងតែរៀបចំជក់ថ្នាំ ក៏ធ្វើការឃាត់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានឆែកឆេរនៅក្នុងកាបូបស្ពាយ១ ដោយក្នុងនោះមានឧបករណ៍ជាច្រើនដូចជា កាបូកស្ពាយ៣, ដូយឡាន២, ដង្កាប់២, កន្ត្រៃកាត់ដែកធំ១, ដែកឆាប៥, ដង្កាប់អូតូម៉ាទិច១, កាតធានាគារ៣, អត្តសញ្ញាណបណ្ណ១ ក្រៅពីនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ RCB ១គ្រឿង, ម៉ូតូស៊ុយហ្ស៊ុយគីនិច ១គ្រឿង, លុយដុល្លារ៦០០ដុល្លារ, លុយខ្មែរ៦៧.០០០រៀល, ទូរស័ព្ទ៥គ្រឿង និងសម្ភារមួយចំនួនទៀត ព្រមទាំងឧបករណ៍សម្រាប់ជក់គ្រឿងញៀន១ផងដែរ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញមានឧបករណ៍យ៉ាងច្រើនបែបនេះ កម្លាំងអាវុធហត្ថស្រុកក៏បាននាំខ្លួនក្រុមជនសង្ស័យ ប្រគល់ឱ្យការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌចាត់ការបន្ត ។
ពេលនេះជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ