រាជធានីភ្នំពេញ ៖ ស្ត្រីជាជនជាតិចិន៣នាក់បាននាំគ្នាមកអង្គុយចុចទូរស័ព្ទលេងនៅក្នុងសួនច្បារ ស្រាប់តែមានក្រុមជនសង្ស័យ៤-៥នាក់មកឆក់យកទូរស័ព្ទពីដៃស្ត្រីម្នាក់ ហើយរត់គេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍ និងចាប់ខ្លួនបានជនសង្ស័យម្នាក់ តែត្រូវបានបក្ខពួកមករំដោះទៅវិញបាត់ ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើកាលពីម៉ោង១០យប់ ថ្ងៃទី២៥ កក្កដា ២០១៥ នៅចំណុចក្នុងសួនកុមារពោធិ៍ចិនតុង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះជាជនជាតិចិនមិនបានប្រាប់ពីអត្តសញ្ញាណឡើយ តែបានប្រាប់តាមរយៈអ្នកបកប្រែថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់ (ស្រីទាំង៣នាក់) បាននាំគ្នាមកអង្គុយលេងក្នុងសួនច្បារពោធិ៍ចិនតុង ហើយគាត់បានយកទូរស័ព្ឌដៃ១គ្រឿងម៉ាក iPhone 5s ពណ៌ខ្មៅមកចុចលេង ស្រាប់តែលេចមុខក្រុមយុវជនស្ទាវ៤-៥នាក់មកឆក់យកទូរស័ព្ទ ហើយរត់គេចខ្លួនបាត់ ។
ប្រភពបានប្រាប់ទៀតថា ក្រោយពីធ្វើសកម្មភាពហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បានម្នាក់ និងយកទូរស័ព្ទបានមកវិញ ស្រាប់តែលេចមុខក្រុមក្មេងខាងលើក្នុងដៃកាន់សុទ្ធតែដំបង និងកាំបិតមកដេញកាប់ប្រជាពលរដ្ឋ ក្នុងគោលបំណងរំដោះបក្ខពួកខ្លួនវិញ ដោយសាតែស្ថានភាពតឹងតែងពេកក៏មានបុរសស្លៀកពាក់ស៊ីវិលម្នាក់បានដកកាំភ្លើងបាញ់គំរាមឡើងលើ៣គ្រាប់ ដើម្បីគំរាមក្រុមខាងលើ ហើយក្រុមទាំងនោះបានរត់គេចខ្លួនចូលផ្លូវរ៉ារថភ្លើងអស់ទៅ រួមទាំងជនសង្ស័យដែលឃាត់បានម្នាក់នោះផង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង កើតហេតុ ហើយឱ្យជនរងគ្រោះខាងលើមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប តែត្រូវបានស្ត្រីខាងលើប្រាប់តាមរយៈអ្នកបកប្រែថា គាត់មិនប្តឹងទេ ពីព្រោះទូរស័ព្ឌដៃគាត់បានមកវិញហើយនោះ។
ប្រជាពលរដ្ឋបានលើកឡើងថា នៅចំណុចសួនច្បារពោធិ៍ចិនតុងនេះតែងតែមានក្រុមបងតូចបងធំអុកឡុក និងវាយឆក់ប្លន់អ្នកដែលមកកំសាន្តទីនោះជាញឹកញាប់ខ្លាំងណាស់ ដូច្នេះគួរតែអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់កន្លែងខាងលើនេះផង ជាពិសេសសមត្ថកិច្ចប៉ុស្តិ៍កាកាបតែម្តង ៕
ចែករំលែកព័តមាននេះ