រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា ។
ករណីទី១ ៖ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិ.ង្សា (ប្រើដុំថ្មគប់ និងប្រើកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ។
ករណីទី២ ៖ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិ.ង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃ កាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ។
វត្ថុតាងដកហូត ៖ ស្លាកលេខម៉ូតូ ចំនួន០៣, កាំបិតប៉័ងតោ ចំនួន០១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ចំនួន០១ដើម, ទូរសព្ទដៃ ចំនួន០៣គ្រឿងនិងម៉ូតូ ចំនួន០៧គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ