រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ១៣នាក់ ត្រូវបានកម្លាំង នៃអធិការដ្ឋានខណ្ឌចំនួន៣ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ហើយយកទៅបង្ហាញមុខរួមគ្នាជាសាធារណៈ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ។
តាមនគរបាលឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនោះ មាន០៨នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ, ០២នាក់ ពាក់ព័ន្ធប្រើហិ.ង្សា, ០២នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀត ពាក់ព័ន្ធករណីវាយប្លន់ ។ ក្នុងនោះកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌកំបូលស្រាវជ្រាវឃាត់បានចំនួន ៥នាក់, កម្លាំងអធិកាដ្ឋានខណ្ឌព្រែកព្នៅ ស្រាវជ្រាវគាត់បាន១នាក់, កម្លាំងអធិការដ្ឋានខណ្ឌឫស្យកែវ ស្រាវជ្រាវឃាត់ខ្លួន បានចំនួន ៥នាក់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន២នាក់ ។
តាមនគរបាលឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន ៤ករណីផ្សេងគ្នា ប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋានខណ្ឌចំនួន០៤ ក្នុងរាជធានីភ្នំពេញ រួមមាន ៖ ខណ្ឌកំបូល ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ ។
ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបានបញ្ចូន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ