ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​បើក​ឡើង​ផ្លូវជាតិ​មិន​ប្រយ័ត្ន បុក​ម៉ូតូ​របួសធ្ងន់​២​នាក់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ក្រុងប៉ៃលិន និង​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ដោយសារ​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ចេញពី​ផ្លូវលំ​បម្រុង​ឡើង​ផ្លូវជាតិ មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្តង ។

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ក្រុងប៉ៃលិន និង​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ដោយសារ​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ចេញពី​ផ្លូវលំ​បម្រុង​ឡើង​ផ្លូវជាតិ មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ បាត់ដំបង 3A-1079 រង​ការ​ខូចខាត​ស្រាល ​បើក​បរ​ដោយ​ឈ្មោះ តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន គ្មាន​រង​របួស​អ្វី​ទេ ។ ក្រោយ​ពេល​កើតហេតុ​ក៏​បើកទ្វារ​រថយន្ត រត់​គេច​ខ្លួន​បាត់​ស្រមោល ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក ហុងដា ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-9767 រង​ការ​ខូចខាត​យ៉ាងដំណំ បើកបរ​ដោយ​ឈ្មោះ តុង ផេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ចក្រ​អង្រែ​ក្រោម ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្មំ​ពេញ រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ងុ​ន ស៊ី​ណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​វត្ត ក្រុងប៉ៃលិន រង​របួស​ធ្ងន់ធ្ងរ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ លុះ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថ​យន្ត​ដឹក​ដី​១​គ្រឿង​បើក​​ចេញពី​ផ្លូវលំ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ឡើង​ផ្លូវជាតិ​មិន​បាន​មើ​ល​មុខ​ក្រោយ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​តែ​ម្តង ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​យីហោ ពហុ​សម្រាក​ព្យាបាល​ខេមរៈ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ម្នាក់​ទៀត​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ។

ក្រោយ​ពេល​កើតហេតុ ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕