រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់បាក់ជើងម្ខាង ដោយសាររថយន្តកុងតឺន័របុកហើយកិនពីលើកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៨ កក្កដា ២០១៥ នៅតាមផ្លូវណតប្រ៊ីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះលុយ គឹមសុង ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រីឯជនរងគ្រោះដែលបាក់ជើងម្ខាងមានឈ្មោះ ប៊ុនថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងជួសជុលរថយន្តដូចគ្នា ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ ដឹកឥដ្ឋការ៉ូ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-9016 បើកបរពីជើងទៅត្បូងតាមបណ្តោយផ្លូវណតប្រ៊ីត លុះមកដល់មុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ជិន វីន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបុកម៉ូតូ១គ្រឿង ម៉ាក CUB ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-1285 ជិះគ្នា២នាក់ យ៉ាងពេញទំហឹង ម៉ូតូនោះក៏ដួល ហើយកុងតឺន័រក៏កិនពីលើ បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតរងរបួសធ្ងន់ បាក់ជើងម្ខាង ។
បន្ទាប់ពីបុកហើយ រថយន្តកុងតឺន័រនោះក៏បន្ថែមល្បឿនដើម្បីបើកគេចខ្លួន ក៏ទៅប៉ះជាមួយម៉ូតូ១គ្រឿងទៀតម៉ាក CD ជិះគ្នា២នាក់ បណ្តាលឱ្យម៉ូតូដួលនៅគុម្ពោធព្រៃខាងមុខចម្ងាយប្រមាណជា២០ម៉ែត្រ ។ ចំណែកអ្នកជិះម៉ូតូទាំង២នាក់រងរបួសស្រាល ក៏លើកម៉ូតូជិះទៅពេទ្យដោយខ្លួនឯងបាត់ទៅ ។
ភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័រក៏បើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង ៕
ចែករំលែកព័តមាននេះ