ខេត្តកំពត ៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ២០១៥នេះ សមាគមប្រមូលផលម្រេចបានចំនួន៦០តោន បើធៀបនឹងឆ្នាំមុនម្រេចមានតែ៣២តោន គឺកើនឡើងលើសពីការរំពឹងទុក ខណៈដែលតម្លៃនៅលើទីផ្សារនៅតែខ្ពស់ ដោយម្រេចក្រហមថ្លៃ២៥ដុល្លារ ម្រេចសលក់បានពី២៦ដល់៣០ដុល្លារ និងម្រេចខ្មៅថ្លៃ១៥ដុល្លារក្នុង១គីឡូក្រាម ។ បរិមាណផលម្រេចដែលប្រមូលបានទាំងនេះ ត្រូវក្រុមហ៊ុនដែលចុះកុងត្រាជាមួយសមាគមធ្វើការនាំចេញរួចរាល់ហើយ ។
លោកបញ្ជាក់ថា សមាជិកទាំងអស់របស់សមាគមមានការត្រេកអរជាខ្លាំង ចំពោះផលិតផលរបស់ខ្លួន ក្រៅពីទទួលការគាំទ្រនៅលើទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ តួយ៉ាងនៅឆ្នាំថ្មីនេះការប្រមូលបានផលកើនមួយទ្វេជាពីរ ។ បន្ថែមលើសពីនេះនៅឆ្នាំ២០១៦ សមាគមរំពឹងថា ការប្រមូលផលអាចកើនរហូតដល់៨០តោន ស្របពេលដែលបច្ចុប្បន្នសមាជិកកំពុងពង្រីកដីដាំដុះមានចំនួនកាន់តែច្រើន ដែលកាលពីឆ្នាំ២០១៤យើងមានផ្ទៃដីតែ៦២ហិកតា តែសព្វថ្ងៃមានរហូតដល់១១០ហិកតា ហើយក៏មានកសិករដាំម្រេចលើផ្ទៃដីប្រហែល៤០ហិកតាផ្សេងទៀតកំពុងដាក់ពាក្យសុំចូលរជាសមាជិកយើងផងដែរ ។
លោកលើកឡើងថា តាមការកត់សម្គាល់នាពេលកន្លងមក ក្រុមកសិករដាំម្រេចមានការយល់ដឹងច្រើន បន្ទាប់ពីសមាគមផ្សព្វផ្សាយពីបច្ចេកទេសដាំនិងថែទាំរួចមក ។ ទន្ទឹមនឹងនោះ ក្រុមវិនិយោគិនថ្មីៗទើបតែចូលទៅដាំម្រេច គឺពួកគាត់មិនទាន់យល់ដឹងច្បាស់នៅឡើយពីបច្ចេកទេសដាំនិងការថែទាំ ។
លោក ហ៊ឹម យ៉ុន អ្នកគ្រប់គ្រងការដាំម្រេចរបស់ក្រុមហ៊ុនStarling Farm បានឲ្យដឹងថា មកដល់សព្វថ្ងៃនេះយើងមានដីដាំម្រេចប្រមាណ៤ហិកតា ក្នុងនោះបានម្រេចដែលទទួលផលមានប្រហែល១ពាន់ជន្លុង ។ ការដាំដុះនិងថែទាំឆ្នាំនេះ លោកជួបបញ្ហាដោយសារអាកាសធាតុប្រែប្រួល ធ្វើឲ្យម្រេចផ្តល់ផលបានតិចជាងឆ្នាំកន្លងមក ទោះបីការការដាំដុះរបស់យើងមានបច្ចេកទេសគ្រប់គ្រាន់ក្តី ។ ផ្អែកលើផលិតផលម្រេចកំពតមានតម្លៃនៅលើទីផ្សារ មិនថានៅក្នុងស្រុក ឬក្រៅស្រុកទេ ដើម្បីចាប់យកឱកាសនេះ នៅថ្ងៃខាងមុខយើងនឹងពង្រីកការដាំដុះបន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវរបស់អតិថិជន ។
ពេលថ្មីៗនេះដែរ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការបញ្ជូនផលិតផលកម្ពុជាសម្រាប់ការតាំងបង្ហាញស្វែងរកទីផ្សារនិងដៃគូពាណិជ្ជកម្មនៅប្រទេសចិន ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ លោក ងួន ឡាយ បានបញ្ជាក់ថា សម្រាប់ផលិតផលម្រេចកំពតនៅពេលកន្លងមក ធ្លាប់តែមានក្រុមហ៊ុននាំចូលទៅសៀងហៃ ប្រទេសចិន មានចំនួនតិចតួចដោយសារផលិតផលរបស់សមាគមមានចំនួនកំណត់។
ការតាំងបង្ហាញផលិតកម្ពុជានៅប្រទេសចិនដែលគ្រោងធ្វើឡើងនៅពេលខាងមុខនេះ សមាគមរបស់លោកពុំទាន់កំណត់ថា គួរយកទៅតាំង ឬយ៉ាងណានោះទេ ព្រោះនេះវាទាក់ទងនឹងការចំណាយលើការធ្វើដំណើរ ។ ប៉ុន្តែបើក្រសួងពាក់ព័ន្ធធានាជូនដូចពេលមុនៗដែលសមាគមធ្លាប់ទៅតាំងនៅប្រទេសបារាំង និងសហគមអឺរ៉ុប យើងនឹងទៅ ហើយសង្ឃឹមថា នឹងទទួលបានដៃគូពាណិជ្ជកម្មច្រើនទៀតនៅប្រទេសចិន ដោយផ្អែកលើគុណភាពផលិតផលយើងមានគុណភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ