ខេត្តកំពង់ចាម ៖ រថយន្ត២គ្រឿងបានបើកពន្លះគ្នាយ៉ាងពេញទំហឹងលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ដោយកៀបជាប់ក្នុងរថយន្ត និង១១នាក់ទៀតរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង០១ និង២០នាទីរំលងអធ្រាត្រឈានថ្ងៃទី១៥ ឧសភា២០១៥ ស្ថិតនៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។
លោកអនុសេនីយ៍ឯក សុខ សូល អធិការរងនគរបាលស្រុកបាធាយបានឱ្យដឹងថា រថយន្តម៉ាកសាំងយ៉ុង ដឹកអ្នកដំណើរពាក់ស្លាកលេខភ្នំពេញ 2N-6429 បើកបរដោយឈ្មោះអេង គួយ អាយុ២៨ឆ្នាំ មានទីលំនៅភូមិរកាត្រត ឃុំគោកគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង និងអ្នករួមដំណើរចំនួន១១នាក់ ដោយបើកក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកជាមួយនឹងរថយន្តម៉ាកហ៊ីយ៉ានដាយធុនធំពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0386ត្រង់ចំណុចផ្លូវកោង ក្នុងទិសដៅបញ្ច្រាសគ្នា ។
លោកបន្តថា ក្នុងហេតុការណ៍នោះ រថយន្តសាំងយ៉ុងបានរងការខូចខាតយ៉ាងដំណំ ដោយបានកៀបជាប់អ្នកបើកបរស្លាប់ភ្លាមៗ និងអ្នកដំណើរប្រុសទាំង១១នាក់បានរងរបួសធ្ងន់-ស្រាល ។ បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់ ក៏បានហៅរថយន្តសង្គ្រោះដឹកអ្នករងរបួសទៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ