ខេត្តកំពង់ធំ ៖ គ្រាន់តែតែឪពុកស្តីបន្ទោសរឿងទៅរាំធុងបាសព្រោះខ្លាចកូនប្រុសមានរឿងរ៉ាវវាយតប់គ្នា តែត្រូវកូនចិត្តតិរច្ឆាន កាប់ឪពុកមួយកាំបិតផ្គាក់បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។ ករណីអំពើហឹង្សានេះបានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៥ នៅក្នុងភូមិអណ្តោតថ្មីខាងកើត ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ជុំវិញករណីកូនបង្កើតកាប់ឪពុកខ្លួនឯង បណ្តាលអោយស្លាប់នេះ ស្រី្តដែលត្រូវជាប្រពន្ធជនរងគ្រោះ និងជាម្តាយបង្កើតជនដៃដល់បាននិយាយរៀបរាប់ទាំងអួលដើម.កថា ប្តីរបស់គាត់មានឈ្មោះអិន និម អាយុ៥៥ឆ្នាំ ហើយមុនពេលឈានដល់ការឈ្លោះប្រកែកគ្នារវាងឪពុក និងកូនប្រុសរបស់គាត់ឈ្មោះ ម៉េស មិ អាយុ២១ឆ្នាំ គឺផ្តើមឡើងដោយសារកូនរបស់គាត់បានជិះម៉ូតូទៅរាំធុងបាស កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ លុះដល់ព្រឹកឡើងថ្ងៃទី១៣ ឪពុកបានឃើញម៉ូតូបែកស្តុបទាំងក្រោយទាំងមុខ ទើបគាត់សួរទៅកាន់កូនដែលជាជនដៃដល់ថា «ហេតុអ្វីបានជាម៉ូតូបែកស្តុបទាំងមុខទាំងក្រោយ?» ពេលនោះកូនឆ្លើយប្រាប់ឪពុកវិញថា ស្តុបម៉ូតូបែកនោះមិនដឹងអ្នកណាវាយទេ ព្រោះខ្ញុំកំពុងតែចូលរាំធុងបាស់ ។
ស្រី្តដែលត្រូវជាប្រពន្ធនិងជាម្តាយបង្កើតបានបន្តប្រាប់ថា កូនគាត់ក៏បានយកម៉ូតូទៅអោយជាងធ្វើ នៅក្នុងភូមិបាក់ស្នា លុះល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឪពុកឃើញកូនមកដល់ផ្ទះក៏បានស្តីបន្ទោស ទើបមានការតមាត់គ្នា រវាងឪពុក និងកូន យ៉ាងតឹងសរសៃ.ក បណ្តាលអោយឪពុកខឹង ក៏បានពោលពាក្យទៅកាន់កូនប្រុសថា «បើឯងនៅធ្វើអីចឹងទៀត អញនឹងវាយឯងឲ្យស្លាប់់» ឪពុកនិយាយបណ្ដើរចុះពីលើផ្ទះមករកវាយកូនបណ្ដើរ តែជាអកុសលគាត់ទើបតែចុះមកដល់កាំជណ្តើរទីបី ភ្លាមនោះក៏ត្រូវកូនតិរច្ឆានស្ទុះទៅទាញបានកាំបិតផ្គាក់ កាប់ទៅលើឪពុក មួយកាំបិត ចំឆ្អឹងជំនីខាងឆ្វេង រយះធ្លាយពោះវៀន បណ្តាលអោយប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តងទៅ ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តទៀតថា ក្រោយពេលកើតហេតុ កូនតិរច្ឆានក៏បានរត់គេចខ្លួន ។ ភ្លាមៗនោះអ្នកជិតខាងក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាក់ស្នា លោកនុត សុផល នាយប៉ុស្តិ៍បាក់ស្នា ក៏បានដឹកនាំកម្លាំងទៅកន្លែងកើតហេតុ ។ ហើយលោកបានអោយកម្លាំងរបស់លោកដេញតាមពីក្រោយជនដៃដល់ដែរ តែដោយសារតែភូមិសាស្ត្រនោះ មានព្រៃច្រើនពេក ទើបកម្លាំងរបស់លោកពិបាកក្នុងការរុករក ។
លោកនុត សុផល នាយប៉ុស្តិ៍បាក់ស្នាបានអោយដឹងថា ប៉ុន្មានម៉ោងក្រោយមកកម្លាំងរបស់លោក ក៏ប្រទះឃើញជនដៃដល់ជិះម៉ូតូមួយគ្រឿងអត់បើកភ្លើង លោកក៏បញ្ជាអោយកូនចៅធ្វើការស្ទាក់ចាប់ តែជនដៃដល់ឃើញមានកម្លាំងសមត្ថកិច្ចនៅពីមុខ ដឹងខ្លួនក៏ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់តែម្តង ។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា ម៉ូតូដែលជនដៃដល់ជិះនោះ គឺលួចពីម្ចាស់ចំការ ដែលធ្វើចំការ នៅក្បែរភូមិនេះ យកមកជិះដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ចយើងធើ្វការស្ទាក់ចាប់បានតែម៉ូតូ ប្រគល់អោយម្ចាស់ដើមវិញ ចំណែកឯសពជនរងគ្រោះ ត្រូវបានយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ បច្ចុប្បន្នកូនតិរច្ឆានដែលកាប់សម្លាប់ឪពុក សមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការតាមប្រមាញ់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ